ភ្នំពេញ ៖
តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះកម្ពុជាអំពាវនាវសហគមន៍អន្ដរជាតិជួយបញ្ឈប់ផែនការឈ្លានពាន របស់ថៃ ដែលគ្រោងបើកការវាយប្រហារប្រដាប់អាវុធចូលដែនអធិបតេយ្យកម្ពុជា មុនថ្ងៃទី៧ ខែសីហា។
បើតាមក្រសួងការពារជាតិ តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង១០៖៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជា ជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទឱ្យចេញឱ្យអស់ត្រឹមយប់នេះ ។
តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថាកងទ័ពថៃគ្រោងនឹងបើកការវាយលុកតាម បណ្តោយ ព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហារ រហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ច ប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំ គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវ បទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។
កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគី ថៃបញ្ឈប់ ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរព កិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង៕
