ជំនួបកំពូលរវាងមេដឹកនាំអាមេរិក និងរុស្ស៊ីជាលើកដំបូង ចាប់តាំងពីឆ្នាំ 2021 នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី15 ខែសីហា នៅមូលដ្ឋានទ័ពអាកាស អែលមែនដ័ស (Elmendorf) ក្រុង អាំងគ័រ៉ាច (Anchorage) រដ្ឋអាឡាស្កា។ យ៉ាងណាមិញ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបភាគច្រើនបាននិយាយថា សន្តិភាពយូរអង្វែង មិនអាចធ្វើឡើងដោយគ្មានវត្តមានរបស់អ៊ុយក្រែននៅក្នុងតុចរចាបានទេ ហើយកិច្ចព្រមព្រៀងណាមួយត្រូវតែគោរពតាមច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់ថា រុស្ស៊ីត្រូវតែយល់ព្រមចំពោះបទឈប់បាញ់ មុនពេលពិភាក្សាអំពីបញ្ហាទឹកដី ហើយអ៊ុយក្រែននឹងនៅតែច្រានចោលរាល់សំណើរបស់រុស្ស៊ី ដែលឲ្យអ៊ុយក្រែនដកទ័ពចេញពីតំបន់ ដុនបាស ឬលះបង់ចោលទឹកដីណាមួយ។