កំពង់ស្ពឺ៖
ជនសង្ស័យម្នាក់ដែលជាជនជាតិឥស្លាម ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលសង្ស័យលួចសត្វគោញីមួយក្បាលរបស់ប្រជាពលរដ្ឋ ដែលយកទៅចងហើយស្រាប់តែបាត់ ក៏ដាក់ពាក្យបណ្តឹងពីភិនភាគសត្វគោ ឱ្យនគរបាលជួយអន្តរាគមន៍។
ការឃាត់ខ្លួនជនសង្ស័យជនជាតិឥស្លាម បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០ថ្ងៃត្រង់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅចំណុចក្នុងភូមិទឹក ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសី បាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួន ជនសង្ស័យជនជាតិឥស្លាមខាងលើនេះ គឺមានប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ថា÷មានក្រុមចោរមិនស្គាល់អត្តសញ្ញាណបានលួចគោចំនួន ០១ក្បាល ញីសម្បុរស ស្នែងឈរប្រវែង ១៥០សង់ទីម៉ែត្រ របស់ម្ចាស់ឈ្មោះ ម៉ីឡូត ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងករដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
