ភ្នំពេញ ៖
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០ នាទី រសៀលនេះ កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan (ណង ចាន់) ស្រុក Khok Sung (ខក់ ស៊ុង) ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។
កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ កម្ពុជាបញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)៕
(- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/@modgovkh
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/@modgovkh)