តុលាការបើកសវនាការកាត់ទោសក្រុម ដួង តារា ពាក់ព័ន្ធសំណុំរឿងអំពើពុករលួយ ដោះដូរ«លក់»ទីតាំងពន្ធនាគារខខេត្តកំពង់ឆ្នាំ

National • August 14, 2025
 តុលាការបើកសវនាការកាត់ទោសក្រុម ដួង តារា ពាក់ព័ន្ធសំណុំរឿងអំពើពុករលួយ ដោះដូរ«លក់»ទីតាំងពន្ធនាគារខខេត្តកំពង់ឆ្នាំ

ភ្នំពេញ៖

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានលើកយក សំណុំរឿងលោក ដួង តារា ,លោកមួង ឃីម,លោកអ៊ុត ធីនិងលោកលី សាម៉េតហៅគ្រូមា មកបើកសវនាការដើម្បីផ្តន្ទាទោសលើជនជាប់ចោទ  ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ ដោះដូរ(លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង។

សវនាការនេះបានធ្វើឡើងជាសាធារណៈ ដែលដឹកនាំដោយលោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកទុង រតនា ព្រះរាជអាជ្ញារង តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ។

សវនាការបានធ្វើឡើងចំពោះមុខជនត្រូវចោទ៤ នាក់ ៖ ១-ឈ្មោះ ដួង តារា ២-ឈ្មោះ មួង ឃីម ជាប់ចោទពីបទ.ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ៣-ឈ្មោះ អ៊ុត ធី ជាប់ចោទពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា៦០៦នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ។ ៤-ឈ្មោះ លី សាម៉េត ហៅគ្រូមា ត្រូវបានចោទប្រកាន់ពីបទ.សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំង អំពើពុករលួយ។ 

ជនត្រូវចោទទាំង៤នាក់ មានមេធាវីការពារក្តីតាមផ្លូវច្បាប់រៀងៗខ្លួន ហើយក្នុងនោះ ក៏មានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពប្រឆាំងអំពើពុករលួង«ACU»ផងដែរ ។ សវនាការបានសាកសួរដេញដោលលើជនត្រូវចោទអស់រយៈពេលជាច្រើនម៉ោង ពាក់ព័ន្ធ សំណុំរឿងក្នុងការឃុបឃិតគ្នាដោះដូរ (លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំងចាស់ទៅ ទីតាំងថ្មីដែរ មានទំហំទឹកប្រាក់ជាង៣លានដុល្លារអាមេរិក រវាងក្រុមហ៊ុនអះស្ការិទ្ធ ជាមួយសាលាខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៨ ។ 

តាមការស្តាប់ចម្លើយក្នុងសវនាការ ជនត្រូវទាំង៤នាក់ ពិតជាបានឆ្លើយសារភាពមាន ភាពស៊ីសង្វាក់ពាក់ព័ន្ធបទល្មើសដូចការចោទប្រកាន់ខាងលើនេះ ប៉ុន្តែដោយពេលវេលា ដល់ម៉ោងសម្រាករបស់មន្ត្រីរាជការ តុលាការបានលើកពេលប្រកាសសាលក្រមលើ សំណុំរឿងនេះទៅថ្ងៃក្រោយដោយមិនកំណត់ ។

បន្ទាប់ពីចប់សវនការជនត្រូវចោទឈ្មោះ ដួង តារា ,ឈ្មោះ លី សាម៉េត ហៅគ្រូមា និង ឈ្មោះ អ៊ុត ធី ត្រូវបាននាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស ។ ចំណែកឈ្មោះ មួង ឃីម អនុរក្សបាននាំទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលវិញ ៕ 











x Enlarged Image