ភ្នំពេញ៖ 

បុរសជាជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកអូឌីមួយគ្រឿងក្នុងល្បឿនលឿន សុខៗស្រាប់តែផ្ទុះកង់មុខចំហៀងខាងស្តាំ បណ្តាលឲ្យរេចង្កូតចូលគន្លងផ្លូវជ្រុលទៅបុកចំពីមុខម៉ូតូបើកទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនាវេលាម៉ោង៩:៣០នាទី យប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ១៩១៨ (ហៅផ្លូវឧកាសខ្ញុំ )ក្នុងសង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកអូឌី ពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AB-3686 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើតតាមបណ្តោយផ្លូវ១៩១៨ (ហៅផ្លូវឧកាសខ្ញុំ ) ទិសដៅពីលិចមកកើតក្នុង ល្បឿនលឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែផ្ទុះកង់មុខចំហៀងខាងស្តាំ ក៏រេចង្កូត ចូលគន្លងផ្លូវជ្រុលទៅបុកម៉ូតូម៉ាក ADV ពណ៌ត្រេអ៊ីពាក់ផ្លាកលេខ ភ្នំពេញ 1LR-6497 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីកើតមកលិច ចំពីមុខយ៉ាងពេញទំហឹង ធ្វើឲ្យឱ្យបុរសជាម្ចាស់ម៉ូតូ ប៉ើងលើចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់ដៃ ម្ខាងនិងជើងមួយចំហៀងខាងស្តាំ រងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងទៅខាងរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែកឯអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលសង្កាត់ឃ្មួញសួរនាំបន្ត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសងខាងធ្វើការដោះ ស្រាយគ្នានៅពេលក្រោយ៕