ភ្នំពេញ ៖ 

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ នៅវេលាម៉ោង ១៦៖០៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានធ្វើការល្បាតដើម្បីបង្ការ បង្រ្កាប បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខណ្ឌ ក៏ពើបប្រទះនឹងក្រុមក្មេងទំនើង ១ក្រុម ដែលកំពុង បង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអានាធិបតេយ្យ នៅតាមផ្លូវត្រង់ចំណុចផ្លូវបេតុងក្រោយ ហាងដៃអូន ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឃើញដូចនេះ កម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏បានឃាត់ខ្លួនក្មេងទំនើងទាំងនោះ ភ្លាមៗ។ ជាលទ្ធផល ឃាត់ខ្លួនបានក្មេងទំនើង ៣នាក់ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យ ក្នុងសង្គម។

រីឯម៉ូតូ ២គ្រឿង ត្រូវបញ្ជូនបន្តទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូត រក្សាទុករយៈពេល ៣ខែ៕