កំពង់ស្ពឺ៖
ជនសង្ស័យជាមុខសញ្ញាចែកចាយនិងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួន ខណៈដែលចរាចរ គ្រឿងញៀនហើយកម្លាំងល្បាតប្រទះឃើញ ដកហូតវត្ថុតាងចំនួន៧៥កញ្ចប់។
ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយនិងជួញដូរគ្រឿងញៀនបានកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទង បាននិយាយឱ្យថា ដោយបានការណែនាំពីលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង កម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្ដិការ ដោយមានការសហការពីកម្លាំងប្រឆាំងគ្រឿងញៀនរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនិងជួញដូរគ្រឿង ញៀនម្នាក់ឈ្មោះស៊ុំ សារ៉ាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទង បានបន្តថាបើតាមការឲ្យដឹងជនសង្ស័យខាងលើជាមុខសញ្ញាចាស់ដែលមានឈ្មោះនៅក្នុងបញ្ជីតាមដាននិងបានធ្វើការស្រាវជ្រាវជាបន្ដបន្ទាប់ប៉ុន្ដែគេចពីតំបន់មួយទៅកន្លែងមួយដោយមិនធ្វើសកម្មភាពផ្ទាល់នោះទេ។ ក្រោយឃាត់ខ្លួនជាក់ស្ដែង សមត្ថកិច្ចនគរបាលបានដកហូតនូវម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន៧៥កញ្ចប់ដែលមានទម្ងន់ជាច្រើនក្រាម, ទូរស័ព្ទដៃចំនួន០១គ្រឿង។ តាមការបញ្ជាក់សារធាតុញៀនខាងលើ មានមុខសញ្ញាម្នាក់ទៀតជាអ្នកផ្ដល់ឱ្យ។
នគរបាលស្រុកសំរោងទង បានបញ្ជាក់ថា ក្រោយឃាត់មុខសញ្ញាទីមួយ មុខសញ្ញាទីពីរបានរត់គេចខ្លួនបាត់ ហើយ កម្លាំងនគរបាលបានធ្វើកាឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន២កញ្ចប់មធ្យម,ជញ្ជីងថ្លឹងគ្រឿងញៀនអេឡិចត្រូនិចចំនួន០១គ្រឿងនិងសម្ភារៈប្រភេទថង់ប្លាស្ទិកវេចខ្ចប់មួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យជាមុខសញ្ញារួមជាមួយនិងវត្ថុតាងដែលរកឃើញនិងដកហូតបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមផ្លូវច្បាប់៕