តារាចម្រៀងដែលដុះពន្លកចេញពីកម្មវិធីប្រកួតសមត្ថភាពពិភពលោក Cambodia’s Got Talent រដូវកាលទី១ លោក យឿន ពិសី កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះសារមួយយ៉ាងវែងអន្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់រឿងក្នុងចិត្ត និងជីវិតពិតរបស់លោក អំឡុងពេលដើរនៅលើវិថីសិល្បៈជាង ១០ ឆ្នាំមកនេះ។ ក្នុងនោះលោកបានឱ្យដឹងថា រយៈពេលដែលលោកប្រកបអាជីពជាតារាចម្រៀងនេះ លោកនៅតែក្រ មិនមានលទ្ធភាពជិះឡានផ្ទាល់ខ្លួន ដោយពេលទៅកម្មវិធីម្តងៗ បានត្រឹមតែជិះកង់បី ឬឡានឈ្នួលប៉ុណ្ណោះ។ បន្ថែមពីលើនេះ លោកបាននិយាយទៀតថា ក្នុងមួយកម្មវិធីដែលលោកបានទៅ បានតម្លៃខ្លួនច្រើនបំផុតត្រឹមតែ ១៥០ ដុល្លារនោះទេ។
យ៉ាងណាមិញ សារដែលលោកបានបង្ហោះនេះ មានខ្លឹមសារទាំងមូលយ៉ាងដូច្នេះថា៖ “ខ្ញុំមិនតូចចិត្តទេពុកម៉ែបងប្អូន ព្រោះខ្ញុំរស់នៅក្នុងសង្គមដែលគេលម្អៀងចំពោះរូបខ្ញុំយូរណាស់មកហើយ ពេលខ្លះការងារគេក៏ដូចខ្ញុំ ការងារខ្ញុំក៏ដូចគេ ប៉ុន្តែចំពោះតម្លៃវាមិនដូចគ្នាទេ ឱកាសដែលគេផ្ដល់ឱ្យខ្ញុំក៏មិនដូចគ្នាដែរ គេបានឡើងឆាក ១០ ដង ខ្ញុំវិញបានត្រឹមម្ដងអស់ច្រើនហើយ
គេបាន ២៥០ ដុល្លារ ខ្ញុំបានអស់ច្រើនហើយទ្រឹម ១៥០ ដុល្លារ គេចូលសិល្បៈត្រឹម ៥ ឆ្នាំគេមានផ្ទះនៅគេបានឡានជិះ តែខ្ញុំចូលសិល្បៈ ១០ ឆ្នាំ ពេលទៅច្រៀងបានជិះត្រឹមកង់បីឬឡានឈ្នួលអីអស់ហើយ ពេលបងប្អូនជួបខ្ញុំនៅខាងក្រៅមិនបាច់សួរខ្ញុំថាហេតុអ្វីបានជាខ្ញុំចូលសិល្បៈយូរហើយនៅតែក្រដដែលចឹង? សំណេរនៅខាងលើដែលបងប្អូនពុកម៉ែបានអានមុននេះហើយជាពាក្យក្នុងចិត្ត និងជារឿងពិតរបស់ខ្ញុំ ជាចុងក្រោយខ្ញុំ យឿន ពិសី សូមអរគុណបងប្អូនពុកម៉ែដែលបានគាំទ្រ”។
គួរឱ្យដឹងថា បន្ទាប់ពីសារនេះត្រូវបានចែករំលែកពេញបណ្តាញសង្គមរួចមក មានមហាជនជាច្រើនបានបង្ហាញក្តីអាណិតអាសូរទៅកាន់តារាចម្រៀងរូបនេះជាខ្លាំង៕
