លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា អាទិភាពទីមួយក្នុងការពង្រីកប្រតិបត្តិការយោធា គឺកំណត់មធ្យោបាយ និងតំបន់សុវត្ថិភាព សម្រាប់ជនស៊ីវិលដែលចាកចេញពីទីក្រុងហ្គាហ្សា។ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បានអនុម័តផែនការដែលត្រូវបានរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្នុងការគ្រប់គ្រងទីក្រុងហ្គាហ្សានោះ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា លោកគ្មានជម្រើសអ្វីក្រៅពី "បញ្ចប់ប្រតិបត្តិការ" និងកម្ចាត់ក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់នោះទេ ហើយថាលោក រំពឹងថានឹងបញ្ចប់ប្រតិបត្តិការវាយលុកថ្មីនេះ "យ៉ាងឆាប់រហ័ស"។ គួរបញ្ជាក់ផងដែរថា លោក ណេតាន់យ៉ាហ៊ូ មិនបានបញ្ជាក់ច្បាស់លាស់អំពីពេលវេលានៃការវាយលុកថ្មីដើម្បីបោសសម្អាតក្រុមសកម្មប្រយុទ្ធហាម៉ាសចេញពីទីក្រុងហ្គាហ្សានេះ នៅពេលណានោះទេ ខណៈដែលបច្ចុប្បន្ន ជនជាតិប៉ាឡេស្ទីនប្រមាណដល់ទៅ 61.500 នាក់ហើយបានបាត់បង់ជីវិត និងជាង 15 ម៉ឺននាក់ទៀតរងរបួស។