កណ្តាល៖ 

ស្ត្រីជនសង្ស័យជាភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសង (កត់ឆ្នោតវៀតណាម) ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណ: កំពង់អង្គុយកត់ឆ្នោតវៀតណាមនៅមុខផ្ទះប្រជាពលរដ្ធ កាលពីវេលាម៉ោង១៧និង៤០នាទីថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋ ស្ថឹតក្នុងភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង  ក្រុងអរិយក្សត្រខេត្តកណ្ដាល ។ 

ប្រភពសមត្ថកិច្ចមូលដ្ធានបានប្រាប់អោយដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះ ឌិន ស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោតវៀតណាម មានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ ។ វត្ថុតាងចាប់យក រួមមាន៖ ទូរសព្ទ័ដៃចំនួន ០១គ្រឿង , ប៊ិកចំនួន០២ ដើម ,បន្ទាត់ចំនួន ០១, ប្រាក់ចំនួន ៥៧៤០០រៀល(ប្រាំម៉ឺន ប្រាំពីរពាន់ បួនរយរៀល ) , ក្រដាស A4 កាត់រួចមានលេខឆ្នោតចំនួន០១ សន្លឹក, ក្រដាស A4 មានលេខឆ្នោតមិនទាន់កាត់ចំនួន ០១ សន្លឹក ។          

សមត្ថកិច្ចបានប្រាប់អោយដឹងបន្ថែមទៀតថា÷នៅវេលាកើតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម  លោកអធិការបានបញ្ជាផ្នែកព្រហ្មទណ្ឌក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍ពាមឧកញ៉ាអុង ចុះបង្ក្រាបដល់ទីតាំង ក៏បានឃើញជនសង្ស័យជាស្ត្រីអ្នកកត់ឆ្នោតកំពុងអង្គុយកត់នៅមុខផ្ទះប្រជាពលរដ្ឋ  ទើបកម្លាំង បានចូលទៅឃាត់ខ្លួនអ្នកកត់ឆ្នោតនិងវត្ថុតាង  យកមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាជនសង្ស័យបានសារភាពថា÷ខ្លួនពិតជាបានកត់ឆ្នោតវៀតណាម រយៈពេលកន្លះខែមកហើយ រហូតមកដល់បច្ចុប្បន្ន   ដោយក្នុង១ថ្ងៃកត់ឆ្នោតបានប្រាក់ពី០៨ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ដោយគិតទឹកក្នុង ០១ម៉ឺនរៀល បានទឹក ០១ពាន់រៀល ហើយពេលល្ងាចឡើងបានប្រមូលប្រាក់អោយទៅមេម្នាក់(មិនស្គាល់) មកយកដល់កន្លែងជារៀងរាល់ថ្ងៃ ។

បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យ កំពង់ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕