ជាការពិតណាស់ ជានិច្ចជាកាល តារាចម្រៀងស្រីជួរមុខប្រចាំព្រះរាជណាចក្រកម្ពុជា អ្នកនាង ទេព បូព្រឹក្ស តែងតែរិះរកអ្វីដែលថ្មីប្លែកសម្រាប់បម្រើអារម្មណ៍ប្រិយមិត្តអ្នកស្តាប់ តាមរយៈបទចម្រៀងនិពន្ធថ្មីរបស់ខ្លួន។ បន្ថែមពីនេះ តារាចម្រៀងរូបនេះ តែងតែបូកបញ្ចូលនូវសិល្បៈវប្បធម៌ខ្មែរ រួមជាមួយបទចម្រៀងរបស់អ្នកនាង បានយ៉ាងល្អឥតខ្ចោះ គ្មានឆ្គងបន្តិចសោះឡើយ។ 

លើកឡើងពីការបូកបញ្ចូលសិល្បៈសម័យ និងបុរាណ ដែល ទេព បូព្រឹក្ស បានរួមចំណែកលើកស្ទួយបែបនេះ អ្នកនាងក៏បានលើកយកសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ទៅសម្តែងនៅប្រទេសម៉ាឡេស៊ី នៅក្នុងកម្មវិធី ROUND FESTIVAL កាលពីពេលថ្មីៗនេះផងដែរ។ កាលនោះ មិនត្រឹមតែធ្វើឱ្យប្រជាជនខ្មែរមានមោទនភាព ដែលមានអ្នកនាងតំណាងឱ្យ សិល្បករ-សិល្បការិនី ចេញទៅសម្តែងនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ សូម្បីតែប្រជាជនម៉ាឡេស៊ី និងអ្នកគាំទ្រអន្តរជាតិផ្សេងទៀត ក៏មានការស្ងើចសរសើរពីទេពកោសល្យសម្តែងដ៏អស្ចារ្យនេះដូចគ្នាដែរ។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន មានការស្ងើចសរសើរម្តងទៀត និងធ្វើការចែករំលែកយ៉ាងច្រើនកុះករនៅលើបណ្តាញសង្គម បន្ទាប់ពីអ្នកនាងបានបញ្ចេញរូបភាព ក៏ដូចជាវីដេអូមួយចំនួនរបស់ខ្លួន អំពីការស្លៀកពាក់ត្រាប់តាមនាដការីខ្មែរ ដោយបានគ្រងនូវឈុត របាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ។

ភ្ជាប់ជាមួយរូបភាព និងវីដេអូនៃការគ្រងឈុតខាងលើនេះ ទេព បូព្រឹក្ស ក៏បានធ្វើការបួងសួងយ៉ាងដូច្នេះថា៖ “សូមដួងវិញ្ញាណបរិសុទ្ធ គ្រប់ព្រះអង្គដែលថែរក្សាការពារដែនដីដ៏អស្ចារ្យមួយនេះ ក្រោកឡើងដើម្បីជួយទ្រទ្រង់ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើន នឹងឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង”៕