(ភ្នំពេញ)៖
ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២ (ថ្ងៃទី២៩ ខែសីហា) នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។
ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន២មុខវិជ្ជាគឺ៖ អក្សរសាស្ត្រ និងរូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។
បើទោះបីមានភ្លៀងធ្លាក់នៅខេត្តចំនួន៧ ក្នុងនោះមានដូចជា ក្រចេះ ពោធិ៍សាត់ កោះកុង កំពង់ចាម ព្រះសីហនុ សៀមរាប និងរតនគិរី ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
របាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានបង្ហាញថា នៅថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន ១៨៥៨នាក់ (ស្រី៧៤៥នាក់) ស្មើនិង១,២៦ភាគរយ(១ក្បៀស២៦) បេក្ខជនស្វ័យរិនចំនួន ១៥១១នាក់ (ស្រី៥៨១នាក់) បេក្ខជនចំណេះទូទៅចំនួន៣៤៧នាក់ (ស្រី១៦៤នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព ៨៣នាក់ ហើយដាក់ឱ្យប្រឡងដាច់ដោយឡែក ៣២នាក់ ហើយបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។
បេក្ខជនដែលបោះបង់ការប្រឡង ដោយសារបញ្ហាសុខភាពមានចំនួន១នាក់នៅខេត្តសៀមរាប។ ដោយឡែកថ្ងៃនេះ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៨នាក់ គ្រុនពោះវៀន១ និងគ្រោះថ្នាក់ចរាចរណ៍១នាក់ សម្រាប់គណៈមេប្រយោគមានបញ្ហាសុខភាព១៣នាក់។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕
