ពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នប្រកបមុខរបរ និងមាន ការងារធ្វើ ជិត១ពាន់នាក់

National • August 12, 2025
 ពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នប្រកបមុខរបរ និងមាន ការងារធ្វើ ជិត១ពាន់នាក់

កំពង់ឆ្នាំង៖ 

លោក ស៊ឹម សុវឌ្ឍនៈ ប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ថា យោងតាមទិន្នន័យដែលក្រុង/ស្រុក ផ្តល់មកមន្ទីរការងារ ពលករចំណាកស្រុកធ្វើការងារនៅប្រទេសថៃ ដែលវិលត្រឡប់មកខេត្ត កំពង់ឆ្នាំងវិញ ពេលនេះ បានប្រកបមុខរបរ និងមានការងារបច្ចុប្បន្ន មានចំនួន ៧៧៣នាក់ ស្រី ៣០៧នាក់ ។ ដោយឡែក ក្នុងខេត្តកំពង់ឆ្នាំង មានឱកាសការងារចំនួន ១៣,០៣០ កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ 

លោក ស៊ឹម សុវឌ្ឍនៈ ក្នុងនាមប្រធានមន្ទីរការងារនិងតំណាងដ៏ខ្ពង់ខ្ពស់ឯ.ឧ ស៊ុន 

សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សូមគោរពជម្រាបជូនបងប្អូន ប្រជាពលរដ្ឋ ឬពលករ ដែលត្រឡប់មកពីប្រទេសថៃ អាចស្វែងរកការងារ នៅក្នុងខេត្ត កំពង់ឆ្នាំង បន្តទៀតដោយទំនាក់ទំនងទៅរោងចក្រ ដែលកំពុងជ្រើសរើស ឬទំនាក់ទំនង មកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត (010600707, 086363826) ឬទំនាក់ទំនងលេខ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហ៊ូ ប៊ុនថន ប្រធានច្រកចេញចូល សាលាខេត្តកំពង់ឆ្នាំង បញ្ជាក់ឲ្យដឹងថា ស្ថិតិ ប្រជាពលរដ្ឋដែលចំណាកស្រុកទៅបំពេញការងារនៅប្រទេសថៃតាមបណ្តាក្រុងស្រុកទាំង៨ នៃខេត្តកំពង់ឆ្នាំង បានវិលត្រឡប់មកស្រុកកំណើតវិញគិតត្រឹមថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ នេះមានចំនួន ២,៨៨៥នាក់ ស្រីចំនួន ១,២៣២នាក់ ក្នុងចំណោមពលរដ្ឋ ចំណាកស្រុកទៅថៃ មានចំនួនសរុប ៤, ៣៤៩នាក់ ស្រីចំនួន ១, ៧៩៩ នាក់៕ 










x Enlarged Image