លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី ពូទីន នឹងជួបទល់មុខគ្នានៅរដ្ឋ អាឡាស្កា នៅថ្ងៃសុក្រ ទី15 ខែសីហាខាងមុខនេះ ចំពេលមានការព្រមានពីលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ថាការសម្រេចចិត្តណាមួយដែលពាក់ព័ន្ធនឹងអ៊ុយក្រែនដែលបានធ្វើឡើង ដោយគ្មានវត្តមានរបស់អ៊ុយក្រែន នឹងមិនអាចទទួលយកបាននោះទេ។ លោកប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់ថា ការសន្ទនារវាងមេដឹកនាំមានសារៈសំខាន់ណាស់ ប៉ុន្តែការសម្រេចចិត្តណាមួយដែលពាក់ព័ន្ធនឹងអ៊ុយក្រែន នឹងគ្មានវត្តមានអ៊ុយក្រែននោះ គឺស្មើនឹងមិនមានការដោះស្រាយបញ្ហា។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានបញ្ជាក់ផងដែរថា កិច្ចពិភាក្សាកម្រិតខ្ពស់នាពេលអនាគតដែលមានការចូលរួមនឹងភាគីពាក់ព័ន្ធទាំងអស់ត្រូវបានគ្រោងទុក ទោះបីជាកាលបរិច្ឆេទពិតប្រាកដ មិនទាន់ត្រូវបានកំណត់ក៏ដោយ។
