ភ្នំពេញ៖
ផ្ទះ១ខ្នងដែលម្ចាស់ទុកអេតចាយភាគច្រើនជាគ្រឿងជ័រនៅក្នុងនោះ ត្រូវបានភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បណ្ដាលមកពីធូបមូសដែលម្ចាស់ផ្ទះដុតហើយ ភ្លេចពន្លត់វិញ រួចរវល់ចេញទៅរើសអេតចាយនៅខាងក្រៅ អត់ដឹងភ្លើងធូបមូសឆេះ រាលដាលសម្ភារៈក្នុងផ្ទះឡើយ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៥នាទីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០៥ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិអន្លូងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ថា ផ្ទះដែលត្រូវភ្លើងឆេះនោះសង់ពីឈើ ជញ្ជាំងនិងដំបូលស័ង្កសី ហើយសង់នៅក្នុងដីឡូត៌ទំហំ៨ម៉ែត្រគុណនិង១០ម៉ែត្រ ចំណែកបុរសម្ចាស់ផ្ទះឈ្មោះ ម៉ៅ អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ ។ នៅមុនពេលកើតហេតុ គាត់ បានដុតធូបមូសនៅក្នុងផ្ទះ ហើយក្រោយមក ក៏ចាកចេញទៅរើសអេតចាយបាត់ដោយភ្លេចពន្លត់វិញ ហើយក៏ពុំមានអ្នកនៅចាំផ្ទះឡើយ គាត់បានបិទទ្វារផ្ទះចោល ។
នគរបាល បានប្រាប់បន្តទៀតថា ភ្លើងធូបមូសបានឆេះរាលដល់សម្ភារៈនៅក្នុងផ្ទះ ហើយឆ្លង ដល់អេតចាយដែលភាគច្រើនជាជ័រ និងឆេះផ្ទះទាំងមូលយ៉ាងសន្ធោសន្ធៅតែម្ដង ។ ខណៈនោះសមត្ថកិច្ចខណ្ឌដង្កោបានចេញអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿងចេញទៅបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង មិនបានរាលដល់ផ្ទះផ្សេង ទៀត ដែលនៅជិតនោះឡើយ ៕
