សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្រេចអនុញ្ញាតឲ្យរៀបចំការប្រកួតប្រចាំសប្តាហ៍ឡើងវិញ បន្ទាប់ពីខកខានអស់ជិត ១ខែ ដោយសារសភាពការតានតឹងខ្លាំងនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ សេចក្តីសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរកាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមឯកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
នៅក្នុងកិច្ចប្រជុំនោះ ក៏ផ្តោតលើគោលការណ៍ផ្គូផ្គង ចាប់គូប្រកួតកីឡាប្រដាល់គុនខ្មែរតាមស្ថានីយទូរទស្សន៍ប្រចាំសប្តាហ៍ និងបញ្ហាប្រឈមផ្សេងៗផងដែរ។
ឆ្លៀតឱកាសនេះ ឯកឧត្តមប្រធានបានជំរុញឲ្យគណៈកម្មការបច្ចេកទេសដែលជាមន្ត្រីសហព័ន្ធបន្តខិតខំប្រឹងប្រែងអនុវត្តការងារឲ្យត្រឹមត្រូវតាមវិជ្ជាជីវៈ ពិសេសអនុលោមទៅតាមច្បាប់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលបានចែង។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ការវិលត្រលប់មកវិញនូវកម្មវិធីប្រកួតប្រចាំសប្តាហ៍លើកនេះនឹងទទួលបានជោគជ័យដូចសព្វមួយដង ពិសេសកាត់បន្ថយឲ្យបាននូវរាល់ភាពអសកម្ម ឬបាតុភាពទាំងឡាយដែលធ្លាប់កើតឡើងនៅក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរនាពេលកន្លងមក។
គួររំលឹកថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញលិខិតផ្អាករាល់សង្វៀនប្រកួតទាំងអស់កាលពីចុងខែកក្កដាកន្លងទៅ ដោយសារសភាពដ៏គគុគនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ទោះបីជាបទឈប់បាញ់បានចូលជាធរមានតាំងពីថ្ងៃទី២៩ ខែកក្កដាទៅហើយក្តី ប៉ុន្តែសហព័ន្ធស្នើសុំឲ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់មេត្តាអត់ធ្មត់ និងរង់ចាំរហូតដល់សភាពការវិវត្តន៍ទៅរកភាពល្អប្រសើរឡើងវិញ ទើបអាចបន្តកម្មវិធីប្រកួតដូចសព្វមួយដងបាន។
ក្រៅតែពីការប្រកួតប្រចាំសប្តាហ៍ក្នុងស្រុក សហព័ន្ធក៏នៅតែបន្តបេសកកម្មនាំយកគុនខ្មែរទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឲ្យបានកាន់តែផុសផុលបន្ថែមទៀត ខណៈប៉ុន្មានឆ្នាំមកនេះ បរទេសចាប់ផ្តើមស្គាល់ និងឲ្យតម្លៃគុនខ្មែរកាន់តែច្រើនឡើងៗពី ១ឆ្នាំទៅ ១ឆ្នាំ៕
