កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ យុវតី ជូរី ល្អហួស បានបង្ហោះសំណេរទម្លាយអាថ៌កំបាំងមួយដ៏គួរឱ្យចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុក អំឡុងពេលដែលខ្លួនបានទៅចូលរួមប្រកួតនៅក្នុងកម្មវិធី “ជូនៀរ៍ អាយដល វើល” (Junior Idol World) លើកទី៣ នៅឯប្រទេសថៃ។ នៅក្នុងសំណេរនោះ ល្អហួស បាននិយាយថា ខណៈពេលដែលខ្លួនកំពុងប្រកួតសម្រស់ដណ្តើមមកុដនៅឯប្រទេសថៃនាពេលនោះ យុវតីរូបនេះ មិនបាននិយាយភាសាថៃសូម្បីតែមួយម៉ាត់ ដោយសារតែស្គាល់ច្បាស់ពីសន្តាននៃជនជាតិមួយនេះ ទើបនាងតូចរូបនេះយល់ឃើញថា ភាសាថៃគឺជាភាសាដែលគ្មានតម្លៃនៅក្នុងការនិយាយសោះឡើយ។ ប្អូនស្រីក៏បានបញ្ជាក់បន្ថែមពីលើនេះទៀតថា ខ្លួនមានមោទនភាពដែលបានកើតជាកូនខ្មែរ បានចេញទៅប្រកួតដណ្តើមមកុដនៅក្នុងប្រទេសថៃ បានកាន់ដៃជាមួយបវរកញ្ញាវ័យក្មេងរបស់ប្រទេសថៃ និងបានយកឈ្នះមកុដធំលេខ១ ជូនប្រទេសកំណើតខ្លួនផងដែរ។

ដ្បិតថា ការប្រកួតសម្រស់ខាងលើរំលងទៅជាងមួយឆ្នាំទៅហើយក្តី ប៉ុន្តែក្រោយពេល យុវតី ជូរី ល្អហួស រំលឹករឿងមួយចំនួនដែលខ្លួនបានទៅប្រកួតសម្រស់នៅក្នុងប្រទេសថៃកាលពីពេលកន្លងទៅ បានធ្វើឱ្យមហាជន រំភើប និងលើកសរសើរពីភាពវៃឆ្លាតរបស់ក្មេងស្រីរូបនេះ ដែលបានគិតគូរ និងយកចិត្តទុកដាក់យ៉ាងដូច្នេះ។

គួរឱ្យដឹងដែរថា ជូរី ល្អហួស នៅតែចិញ្ចឹមចិត្តចង់ទៅចូលរួមកម្មវិធីប្រកួតសម្រស់វ័យជំទង់ នៅលើឆាកអន្តរជាតិម្តងទៀត នៅក្នុងប្រទេសឥណ្ឌា ដោយបានសន្យាជាមួយពុកម៉ែបងប្អូនថា នឹងបកស្បែកមុខថៃនៅឆាកប្រកួតសម្រស់នោះតែម្តង ប្រសិនបើខ្លួនមានឱកាសចេញទៅប្រកួត៕