យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ហ្គាហ្សាបានបញ្ជាក់ថា តំបន់ហ្គាហ្សា មិនមានលទ្ធភាពផ្តល់ជំរកបន្តទៀតសម្រាប់ជនស៊ីវិល ដែលភៀសខ្លួនចេញពីសង្រ្គាមនោះទេ។ សេចក្តីថ្លែងការណ៍បានបន្តថា ប្រជាជនប៉ាឡេស្ទីនប្រមាណ 2.4 លាននាក់ កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក ខណៈដែលអ៊ីស្រាអែល គម្រាមបើកការវាយលុកលើទីក្រុង Gaza ដែលមានប្រជាជនជាង 1 លាននាក់កំពុងជ្រកកោន។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ចាប់តាំងពីអ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យមានការនាំចូលការផ្គត់ផ្គង់ចាំបាច់ដូចជា តង់ ចូលទៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែមានតែប្រមាណ 1 ម៉ឺនតង់ប៉ុណ្ណោះ ដែលត្រូវបានចែកចាយ ដែលស្មើនឹងប្រមាណ 4 ភាគរយនៃចំនួនតង់ 25 ម៉ឺនតង់ ដែលកំពុងត្រូវការ។ បច្ចុប្បន្ននេះ ការរឹតបន្តឹងរបស់អ៊ីស្រាអែល បានធ្វើឲ្យតំបន់ហ្គាហ្សាខ្វះខាត តង់ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងទៀត ដែលធ្វើឲ្យមនុស្សរាប់សែននាក់ ប្រឈមនឹងការលំបាកយ៉ាងខ្លាំង ហើយជាមួយនឹងការគ្រប់គ្រងប្រមាណ 77 ភាគរយនៃតំបន់ហ្គាហ្សារបស់យោធាអ៊ីស្រាអែល ភាគខាងត្បូងនៃតំបន់នេះ មិនមានទីតាំងទំនេរសម្រាប់ការជម្លៀសប្រជាជនដោយសុវត្ថិភាពទៀតនោះទេ។