លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពសម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន គឺអាចសម្រេចបាន ខណៈដែលលោកបានបញ្ជាក់ថា ក្នុងរយៈពេល 1 ទៅ 2 សប្តាហ៍ទៀត យើងនឹងដឹងថា កិច្ចព្រមព្រៀងសន្តិភាព អាចធ្វើទៅបាន ឬយ៉ាងណា។ លោកប្រធានាធិបតី ត្រាំ ក៏បានស្នើម្តងទៀតនូវកិច្ចប្រជុំកំពូលត្រីភាគីរវាងរូបលោក និងលោកប្រធានាធិបតី ពូទីន និង ហ្សេលេនស្គី ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ តែយ៉ាងណាមិញ លោកប្រធានាធិបតី ពូទីន មិនបានប្តេជ្ញាជាសាធារណៈចំពោះកិច្ចប្រជុំបែបនេះនោះទេ បើទោះបីជាលោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកជឿជាក់ថា លោកប្រធានាធិបតី ពូទីន ចង់បញ្ចប់សង្រ្គាមក៏ដោយ។