ភ្នំពេញ៖ 

បុរសម្នាក់ បានជិះម៉ូតូ១គ្រឿងទៅធ្វើការ បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿង ដែលកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យដួលខ្ទាតទៅលើផ្លូវ ស្របពេលនោះមានរថយន្តកុងតឺន័រ១គ្រឿងបើកស្របគ្នាទៅដល់កិន បណ្ដាលឲ្យបែកក្បាលស្លាប់យ៉ាងអាណោចអធ័ម ។ 

ឧប្បត្តិហេតុនោះ បានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅលើមហាវិថីស៊ី ជីនពីង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះមាន ណាក់ អាយុប្រហែល៣០ឆ្នាំ មុខរបរជាងភ្លើងនិងតទឹក មានទីលំនៅភូមិប្រមូលសុក ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។ 

បើតាមបុរសម្នាក់ ត្រូវជាពូរបស់ជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ ក្មួយប្រុសគាត់ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GJ-7915 ចេញពីផ្ទះធ្វើដំណើរក្នុងទិដៅពីត្បូងទៅជើង ទៅធ្វើការនៅជិតរង្វងមូលស្ពានអាកាសមហាវិថីស៊ី ជីនពីង ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ នៅសល់តែ៣០០ម៉ែត្រទៀតប៉ុណ្ណោះដល់កន្លែងធ្វើការ ក៏ជ្រុលទៅបុកពីក្រោយរថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូសពណ៍ ស ពាក់ស្លាកលេខភ្នំពេញ2CB-3010 កំពុងបត់ឆ្វេងឆ្លងផ្លូវ បណ្ដាលឲ្យដួលខ្ទាតទៅលើផ្លូវ ស្របពេលនោះមានរថយន្តកុងតឺន័រ១គ្រឿងទៀតម៉ាកFUSO ពណ៍ស ពាក់ស្លាកលេខចង្កូតស្ដាំBB-0183 ទៅដល់កិនបែកក្បាលស្លាប់ភ្លាមៗតែម្ដង ។ 

សមត្ថកិច្ច បានឲ្យដឹងថាក្រោយពេលកើតហេតុ រថយន្តកុងតឺន័រ បានបើករត់ហើយត្រូវបានប្រជាពលរដ្ឋដេញតាមបានចម្ងាយជាង១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទើបឃាត់បាន ។ ដោយឡែក អ្នកបើកបររថយន្តទាំង២គ្រឿងបានរត់គេចខ្លួនបាត់អស់ នៅសល់តែរថយន្តនៅកន្លែងកើតហេតុ ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងនាំយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកចាត់ការតាមច្បាប់ និងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕