កណ្ដាល៖
សមត្ថកិច្ចស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបានបំផ្លេចបំផ្លាញទ្រព្យសម្បត្តិប្អូនស្រីបង្កើតនិងគំរាមកំហែងថានឹងសម្លាប់ កាលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០ និង ៣៧ នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិ ព្រែកតាតិន ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះជាប្អូនស្រីបង្កើត មានឈ្មោះ សួន ចាន់សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិ ព្រែកតាតិន ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកជនសង្ស័យ ដែលត្រូវជាបងប្រុសបង្កើត និងត្រូវបានឃាត់ខ្លួន មានឈ្មោះ សួន សុខ ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ព្រែកតាតិន ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ហើយ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន០១លើក ពីបទរំលោភសេពសន្ថវៈ។
ចំពោះវត្ថុតាងចាប់យករួមមាន៖
១-ដុំថ្មចំនួន០១ដុំ។
២-បន្ទះក្តារចំនួន០១ដើម។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាកន្លងមក ជនសង្ស័យតែងតែគំរាមកំហែងរកកាប់ សម្លាប់ជនរងគ្រោះនិងរកដុតផ្ទះចោលជាញឹកញាប់។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
