កណ្តាល៖ 

ជនរងគ្រោះជាអ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណ:អ្នករួមដំណើរប្រុសស្រី០២នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរ ជិះម៉ូតូ បុកជាមួយរថយន្តដែលតៃកុងមានកម្រឹតជាតិអាល់កុលខ្ពស់ (ត្រូវបានឃាត់ខ្លួន )។  

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៤និង៤០នាទី ទាបភ្លឺ ថ្ងៃទី១១ខែសីហាឆ្នាំ២០២៥ នៅចំណុច  ភ្លើងស្តុបផ្លូវលេខ 110 នៅលើកំណាត់ផ្លូវជាតិលេខ 21 កែងផ្លូវលេខ 110 ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា នៅវេលាកើតហេតុ ភាគីម៉ូតូ ពេលបើកមកដល់កន្លែងកើតហេតុ (ភ្លើងស្តុបមិនទាន់ដំណើរការ) បានបើកឆ្លងកាត់ផ្លូវ ទៅលិច ក៏បានបុកជាមួយរថយន្ត TOYOTA PRIUS ចំទ្វារមុខចំហៀងខាងឆ្វេង ។ 

ចំពោះជនរងរបួស ប្រុសស្រីធ្ងន់ទាំង០២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ  ឯសព ត្រូវបានយកមករក្សាទុកនៅមន្ទីរពេទ្យជ័យជំនះ ដើម្បីស្រាវជ្រាវរកសាច់ញ្ញាតិ។ រីឯការខូចខាត៖ ម៉ូតូចំនួន ០១គ្រឿង ខូចខាតកម្រិតធ្ងន់ និងរថយន្តចំនួន ១គ្រឿង ខូចខាតកម្រិតធ្ងន់។ ចំពោះមធ្យោបាយពាក់ព័ន្ធខាងលើត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

សមត្ថកិច្ចបានដាក់សេចក្តីសន្និដ្ធានថា÷មូលហេតុខាងលើ គឺបណ្ដាលមកពី អ្នកបើកបរម៉ូតូ បើកបរឆ្លងកាត់ផ្លូវប្រសព្វបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន ។ ចំនែកអ្នកបើកបររថយន្ត បើកបរខ្វះការប្រុងប្រយ័ត្ន និងបើកបរមានកម្រិតជាតិអាល់កុលខ្ពស់រហូត0.748mg/L ( 0,748 មីលីក្រាម ក្នុង១លីត្រខ្យល់ ) ។ 

គួរបញ្ជាក់ផងដែរថាច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានផាកពិន័យ សម្រាប់អ្នកបើក រថយន្តធុនស្រាល ដែលមានជាតិស្រវឹង កម្រិតជាតិអាល់កុល ចាប់ពី 0,40 ឡើងទៅគឺត្រូវផាកពិន័យចំនួន  ០២ លានរៀល ៕