កណ្តាល៖
ម្តាយទ្រហ៊ោយុំរហូតសន្លប់បាត់ស្មារតី ដោយកូនប្រុស កំពុងពេញស្រលាញ់ ក្រោយជិះកង់លេងជាមួយមិត្តភក្តិ ហើយ បានចុះលាងជើងត្រង់ច្រាំងព្រែកចាក់បេតុង ក៏រអិលធ្លាក់ចូលក្នុងទឹកព្រែក លង់ស្លាប់ យ៉ាងអាណោចអាធ័ម ដោយហេតុការណ៍ដ៏រន្ធត់ស្លុតចិត្តនេះ បានកើតឡើងកាលពីវេលាម៉ោង ១៨និង១៥នាទី ល្ងាចថ្ងៃទី១៣ខែសីហាឆ្នាំ២០២៥ នៅចំណុច ព្រែកចាប់យុំ ដែលស្ថឹតក្នុងភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ត្រី បាំង មិនា នាយប៉ុស្តិ៍នគរបាលកំពង់សំណាញ់ បានប្រាប់ឲ្យដឹងថាកុមារារងគ្រោះមានឈ្មោះ ម៉ាប់ ប៊ុនឡុង អាយុ១២ឆ្នំា មានទីលំនៅក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងជាសិស្សថ្នាក់ ៦ នៃសាលាបឋមសិក្សា ព្រែកសំរោង មានម្តាយជាស្ត្រីមេផ្ទះ និងមានឪពុក ជាកងទព័ជួរមុខឈរជើងនៅតំបន់ប្រាសាទព្រះវិហារ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញកុមាររងគ្រោះ ជាមួយមិត្តភក្តិម្នាក់ទៀត បានជិះកង់ម្នាក់មួយតាមមាត់ព្រែកចាបយុំ ដែលមានចម្ងាយពីផ្ទះ ប្រហែល២គីឡូម៉ែត្រ។ លុះពេលមកដល់ចំណុចកើតហេតុ កុមារទាំងពីរក៏បានទុកកង់នៅមាត់ព្រែកខាងលើ ហើយនាំគ្នាចុះតាមច្រាំងព្រែកដែលខាងក្រោមមាន ចន្លោះលូមួយ ដើម្បីលាងជើង ក៏ស្រាប់កុមាររងគ្រោះរអឹលជើងធ្លាក់ចូលក្នុងទឹកព្រែក រីឯកុមារម្នាក់ទៀតបានប្រឹងរត់ឡើងមកខាងលើស្រែកហៅអោយគេជួយ ពេលនោះក៏មានអ្នកចុះក្នុងទឹកហ៊ឹបរាវរក និងបង់សំណាញ់ ស្វែករកកុមាររងគ្រោះ តែរកមិនឃើញ។
រហូតដល់យប់ អាជ្ញាធរនិងសមត្ថកិច្ច មានចងខ្សែសណ្តូងថ្ម និងដាក់ផ្លែសន្ទូច ទម្លាក់ចុះក្នុងទឹកហើយអូសសង្ខាងព្រែក និងចុងក្រោយក៏បានប្រើម៉ាស៊ីនខ្យល់ហ៊ឹបទឹក ក៏រកឃើញ សពកុមាររងគ្រោះ នៅចម្ងាយពីទីតាំងរអិលជើងធ្លាក់ចម្ងាយ៥០ម៉ែត្រ វេលាម៉ោង១៩និង៤២នាទីថ្ងៃដដែល និងក៏បានស្រង់យកសពមកលើគោកដាក់លើរថយន្តដឹក សពកុមាររងគ្រោះទៅលំនៅដ្ធាន និងក៏បានជូនដំណឹងទៅឪពុក នៅសមរភូមិ បានអនុញ្ញាតិច្បាប់ពីលោកមេបញ្ជាការ ធ្វើដំណើរពីប្រាសាទព្រះវិហារមក ក្រុងតាខ្មៅទាំងយប់ដើម្បីមកធ្វើបុណ្យសពកូនប្រុស ៕
