កណ្ដាល៖ 

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យ រងរបួសធ្ងន់និងស្រាលចំនួន ០៣នាក់ និងខូតខាចម៉ូតូចំនួន ០២គ្រឿង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៤៩នាទី នៅលើផ្លូវជាតិលេខ២១  ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង  ខេត្តកណ្តាល។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក HONDA Wave  ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1T-7028 អ្នកបើកបរឈ្មោះ សុភក្រ័ សុភា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ:កម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះ ធី ប៊ុនហេង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ:កម្មកររោងចក្រ អ្នកទាំងពីរមានទីលំនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល  បើកបរក្នុងទិសដៅពីត្បូងទៅជើង (កោះធំ-តាខ្មៅ) ។ 

ពេលបើកមកដល់ចំណុចភូមិឃុំកើតហេតុខាងលើ ក៏បានបើកគេច PassApp(ផាស់ស្អាប់ )មួយគ្រឿង ដែលកំពុងបត់ឆ្លងផ្លូវ ពេលនោះម៉ូតូ ម៉ាកHONDA Wave ខាងលើ ក៏បានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកHONDA DREAM  ពណ៌ខ្មៅ ពាក់ផ្លាក លេខកណ្ដាល1AL-8564 បើកបរដោយឈ្មោះ សែន ស្រីស ភេទស្រី អាយុ ២២ឆ្នាំ  មានទីលំនៅភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ដែលបើកបរក្នុងទិសដៅបញ្រ្ជាស គ្នា ពីជើងទៅត្បូង(តាខ្មៅ-កោះធំ) ។ ករណីនេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងពីរ រងរបួសធ្ងន់ និងអ្នករួមដំណើររងរបួសស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់៕