ដេត ស្រីនាឌ មានឱកាសតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតសម្រស់នៅលើឆាកអន្តរជាតិម្តងទៀត ក្នុងកម្មវិធី Miss Charm ឆ្នាំ ២០២៥ នៅប្រទេសវៀតណាម នេះបើយោងតាមការបង្ហោះរូបភាព អមជាមួយប្រវត្ថិរូបសង្ខេបមួយចំនួនរបស់បវរកញ្ញារូបនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ Miss Charm កាលពីពេលថ្មីៗកន្លងទៅនេះ។

ដេត ស្រីនាឌ ដែលជាបវរកញ្ញាទើបតែទទួលបានតំណែងជា Miss Charm Cambodia ឆ្នាំ ២០២៥ នេះ បានឱ្យដឹងលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ “ជម្រាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំ ដេត ស្រីនាឌ នឹងតំណាង ប្រទេសកម្ពុជា នៅក្នុង កម្មវិធីប្រកួតសម្រស់អន្តរជាតិ ដ៏អស្ចារ្យ Miss Charm នៅប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តិឡើងនៅ ខែវិច្ឆិកា ដល់ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នេះ “។

យ៉ាងណាមិញ ទន្ទឹមនឹងការទទួលបានតំណែងថ្មី និងត្រៀមទៅប្រកួតលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះ ដេត ស្រីនាឌ ទទួលបានទាំងការសាទរ និងការរិះគន់ពីមហាជន ខណៈខ្លួនធ្លាប់មានរឿងអាស្រូវនៅលើឆាកប្រកួតសម្រស់អន្តរជាតិចំនួន ២ ដងរួចមកហើយ រឿងអាស្រូវទី ១ គឺ បវរកញ្ញារូបនេះ បានបោះបង់ការទៅចូលរួមប្រកួត នៅក្នុងកម្មវិធី Miss Grand International ឆ្នាំ ២០១៩ នៅប្រទេស វេណេហ្សុយអេឡា ដោយបានលើកឡើងថា ប្រទេសជាម្ចាស់ផ្ទះនេះ មានសង្គ្រាមផ្ទៃក្នុង អំពើភេរវកម្ម និងអសន្តិសុខជាដើម។ ចំណែកឯរឿងអាស្រូវទី ២ គឺ ពហិការ មិនចូលរួមការប្រកួត Miss Planet International ឆ្នាំ ២០២៤ ខណៈខ្លួនកំពុងតែប្រកួតនៅក្នុងកម្មវិធីនេះ ហើយការធ្វើពហិការនេះ គឺនៅចំថ្ងៃនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រផ្ទាល់តែម្តង៕