ថ្នាក់ដឹកនាំ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យពីផែនការអភិវឌ្ឍថ្នាលធនធានកីឡាករបាល់ទះកម្ពុជាដើម្បីពង្រឹងសមត្ថភាពក្រុមបាល់ទះជម្រើសជាតិកម្ពុជាទៅថ្ងៃអនាគតសម្រាប់ការប្រកួតអន្តរជាតិនានា។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា សហព័ន្ធនឹងបញ្ជូនក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ ឆ្នាំ ទៅចូលរួមប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ (2025 Asian Youth Games) នៅប្រទេសបារ៉ែន។ នេះជាប្រវត្តិសាស្ត្រដំបូង ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជាកម្រិតយុវជនទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ី។. លោកអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបន្តថា ខាងលើនេះគ្រាន់តែជំហានដំបូងដែលក្រុមបាល់ទះយុវជនកម្ពុជាត្រូវចេញទៅបង្ហាញសមត្ថភាពលើឆាកអន្តរជាតិកម្រិតទ្វីបអាស៊ី ប៉ុន្តែគោលដៅសំខាន់គឺការបណ្តុះបណ្តាលថ្នាលយុវជនទើបជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់សមត្ថភាពរបស់ក្រុមជម្រើសជាតិ។ លោកអគ្គលេខាធិការរូបនេះបានបន្ថែមថា កម្ពុជាមិនទាន់មានពានរង្វាន់កម្រិតអាជីពដែលផ្តល់ឱកាសឲ្យកីឡាករក្មេងៗបានបង្ហាញសមត្ថភាពទេ ដូច្នេះថ្នាក់ដឹកនាំ សហព័ន្ធបានសម្រេចកែប្រែពានរង្វាន់មហាជន ៤ទល់៤ ដែលបានប្រកួតពីរឆ្នាំចុងក្រោយទៅជា«យុវជនអាយុ២០ឆ្នាំថ្នាក់ជាតិដែលប្រកួតតាមកម្រិតស្តង់ដា៦ទល់៦នាក់។
សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទះកម្ពុជាធ្លាប់បានបញ្ជូនក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំទៅប្រកួតជាមួយ ក្រុម U20 វៀតណាម នៅប្រទេសថៃ កាលពីឆ្នាំ ២០២៤ ប៉ុន្តែបានចាញ់ វៀតណាម ដោយមិនបានឡើងទៅកាន់វគ្គចែកពូលទេ។ ចាប់តាំងពីពេលនោះ ក្រុមបាល់ទះយុវជនជម្រើសជាតិកម្ពុជាមិនមានការប្រកួតអន្តរជាតិទេ ប៉ុន្តែសហព័ន្ធក៏បានប្រមូលផ្តុំហ្វឹកហាត់ដើម្បីប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ចាប់ពីថ្ងៃទី២២ ដល់ ទី៣១ ខែតុលា ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។ បួនឆ្នាំបន្ទាប់ពោលគឺនៅឆ្នាំ ២០២៩ កីឡាយុវជនអាស៊ី ធ្វើនៅកម្ពុជា៕
