ព្រះសីហនុ ៖ 

លោកស្រី Bridgette L Walker (ព្រីតហ្គែតធី អិល វ៉ក ឃឺរ) ភារ:ធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ សេចក្តីថ្លែង និងការតាំងចិត្ត របស់លោកប្រធានាធិបតី Donald J Trump (ដូណាល់ ជេ ត្រាំ) គឺជួយឲ្យមានសន្តិភាព យូរអង្វែង និងការ គាំទ្រតាមការប្តេជ្ញាចិត្ត នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

នេះជាការបញ្ជាក់ឲ្យដឹងពីមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជា ពេលត្រូវបានលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលជំនួបសម្តែងការគួសម នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើម អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការមកដល់ខេត្តព្រះសីហនុ ដែល ជាទឹកដីដ៏ស្រស់បំព្រង ព្រមទាំងអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកអភិបាលខេត្ត សូមអគុណប្រធានាធិបតី Donald J Trump ក្នុងកិច្ចអន្តរាគមន៍បទឈប់បាញ់ដែលបង្កឡើងដោយយោធាថៃ កាល ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងមក ដែលកំពុងបន្តចរចារកសន្តិភាពពេញលេញ ក្រោមសំណើររបស់លោកប្រធានធិបតី។

លោក ម៉ាង ស៊ីណេត បានជម្រាបជូនមន្រ្តីទូតអាមេរិកថាខេត្តព្រះសីហនុ មានសក្តានុពលដ៏សម្បុរបែបស្ថិតនៅភាគនីរតី នៃប្រទេសកម្ពុជា។ ខេត្តព្រះសីហនុ មាន៦ក្រុង ស្រុក ២៩ឃុំ សង្កាត់ និង ១១១ភូមិ ហើយប្រជាពលរដ្ឋមានជាង៣១ម៉ឺននាក់។ ខេត្តមានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះតូចធំ៣២ ដែលនាំមកនូវសេដ្ឋកិច្ចសង្គម។ ខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ដូចជា៖ ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវទឹកមាន កំពង់ផែអន្តរជាតិចំនួន៣ ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លុវអាកាស មានអាកាសយានដ្ឋានអន្តរជាតិ ដែលមានផ្លូវរត់ ៣៣០០ម៉ែត្រ តភ្ជាប់ទៅកាន់ ពិភពលោក។ 

ជាការឆ្លើយតប លោកស្រីភារៈធារី បានថ្លែងអំណគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលនឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រី បានបន្តថា សហរដ្ឋអាមេរិក ទាំងរដ្ឋាភិបាល និងវិស័យឯកជន នឹងចូលរួមធ្វើ កិច្ចការនេះជាមួយកម្ពុជា ដើម្បីជួយគាំទ្រការលូតលាស់របស់កម្ពុជា ក៏ដូចជាបង្កើតឱកាស សម្រាប់វិស័យធុរកិច្ចរវាងសហរដ្ឋអាមេរិក និងការវិនិយោគនៅកម្ពុជាផងដែរ៕