ភ្នំពេញ ៖ 

កម្មកររោងចក្រម្នាក់ ក្រោយពេលចេញពីធ្វើការ បានទៅអូសត្រីធ្វើម្ហូប ជាមួយមិត្តភក្ដិ៤នាក់ទៀត ជាអកុសល បានធ្លាក់ចូលទឹករណ្ដៅដីមួយកន្លែង បណ្ដាលឲ្យលង់ស្លាប់ចោលគូដណ្ដឹង ដែលនៅសល់តែ៥ខែទៀតប៉ុណ្ណោះ នwងចូលរោងការហើយ ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលា៤និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២៥ ចំណុចរណ្ដៅដីមួយកន្លែង នៅកណ្ដាលវាល ស្រែ ជម្រៅ មួយ កន្លែងក្នុងភូមិម្ភៃបួន សង្កាត់ ព្រៃ ស ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ   ។ 

ជនរងគ្រោះឈ្មោះ ធី ធាយ ហៅឆាយ អាយុ ២២ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ ផ្ទះ ជួល ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ និងមាន ស្រុក កំណើត ភូមិ ស្ពឺ (ខ ) ឃុំ ចាន់រ៉ា(ក )ស្រុក បាភ្នំ ខេត្ត ព្រៃវែង   ។

បើតាមបុរសម្នាក់ឈ្មោះ សុខ ឃឿន អាយុ៤០ឆ្នាំ ជាមិត្តភក្តិរបស់ជនរងគ្រោះ បានបំភ្លឺប្រាប់នគរបាលថា កន្លងមក គាត់និងជនរងគ្រោះព្រមទាំងមិត្តភក្តិផ្សេងទៀត ធ្លាប់ទៅអូសត្រីជាមួយគ្នា នៅកន្លែងផ្សេងជាញឹកញាប់ ហើយជនរងគ្រោះមិនចេះហែលទឹកទេ ។ ដោយឡែក នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ គាត់និងជនរងគ្រោះព្រមទាំងមិត្តភក្តិចំនួន០៣នាក់ទៀត បានបបួលគ្នាទៅអូសត្រីនៅកន្លែងកើតហេតុជាលើកដំបូង ដោយពុំបានដឹងថាទីនោះ មានរណ្ដៅដីនោះទេ ព្រោះទឹកល្ហាចល្ហពេក ។

បុរសនោះ បានប្រាប់នគរបាលទៀតថា ពេលទៅដល់ ក៏បានចុះអូស៣នាក់ ចំណែក២នាក់ទៀតនៅខាងលើចាំម៉ូតូ។ ពេលនោះក៏ស្រាប់តែជនរងគ្រោះធ្លាក់ចូលទៅក្នុងទឹករណ្ដៅដី ឃើញបែបនេះ គាត់បានស្រវេស្រវាចាប់ដៃជនរងគ្រោះដែរ តែចាប់មិនបាន ។ ពេលនោះជនរងគ្រោះក៏លិចបាត់ទៅក្នុងទឹក បន្ទាប់មក ពួកគាត់បាននាំគ្នាឡើងចេញពីក្នុងទឹក រាយការណ៍ប្រាប់ទៅសមត្ថកិច្ច និងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានដឹង និងទៅកាន់កន្លែងកើតហេតុ ។

សមត្ថកិច្ច បានប្រាប់ទៀតថា រហូតដល់វេលាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ទើបស្នើរសុំទៅកាន់ក្រុមរុករក និងសង្រ្គោះកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ ទៅរាវរក។ ខណៈនោះបានប្រើពេលជាង២ម៉ោង គឺចាប់ពីវេលាម៉ោង៨ រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល ទើបរកឃើញសព រួចស្រង់ឡើងគោក ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕