លោក ស៊ុន សុទ្ធារិទ្ធ ទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងជាប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដា្ឋន ពីថ្ងៃទី២៧-៣១ ខែសីហា ឆ្នាំ២០២៥បានលើកឡើងថា សហព័ន្ធបន្តការខិតខំបណ្តុះបណ្តាលធនធានគ្រូបង្វឹក ដើម្បីជំរុញឱ្យប្រភេទកីឡាមួយនេះមានឧត្តមភាពកាន់តែខ្ពស់។

 ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិអូឡាំពិក លោក ស៊ុន សុទ្ធារិទ្ធ បានគូសបញ្ជាក់ថា សហព័ន្ធតែងតែមានគោលបំណងផ្សព្វផ្សាយនូវបច្ចេកទេសមូលដ្ឋានជូនដល់ក្លឹប អង្គភាព សាលារៀនពាក់ព័ន្ធឱ្យយល់ដឹងពីមូលដ្ឋានគ្រឹះនៃបច្ចេកទេសឱ្យបានច្បាស់លាស់ ដូចជាក្នុងវគ្គបណ្តុះបណ្តាលនេះជាដើម យើងឃើញថា គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុសុទ្ធតែមានជំនាញមូលដ្ឋានបច្ចេកទេស។ ប្រភេទកីឡាវាយកូនឃ្លីមានភាពស្មុគ្រស្មាញក្នុងកម្រិតទី៣នៃបច្ចេកទេស។ ដូច្នេះហើយគ្រូបង្វឹក ក៏ដូចជាកីឡាករ កីឡាការិនីត្រូវយកចិត្តទុកដាក់រៀនសូត្រ រួមទាំងទេពកោសល្យពីធម្មជាតិផង ទើបគុណភាពនឹងកាន់តែល្អប្រសើរច្រើន។

លោកកត់សម្គាល់ទៀតថា តាមរយៈវគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកក្នុងការកសាងធនធានមនុស្សកាន់តែច្រើននៃដំណើរការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត ដែលសហព័ន្ធតែងតែបានរៀបចំឡើងទាំងនៅភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដើម្បីបន្តការអភិវឌ្ឍឱ្យកាន់តែប្រសើរបន្ថែមទៀត។ ការខិតខំប្រឹងប្រែងរបស់សហព័ន្ធនឹងជួយជំរុញបន្ថែមសាងឧត្តមភាពឱ្យកាន់តែខ្ពស់ឡើងបន្ថែមទៀត។ អតីតអគ្គលេខាធិការ និងបច្ចុប្បន្នក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ លោកប្តេជ្ញាចិត្តខ្ពស់ថា ដ៏រាបណាលោកនៅតែមានកម្លាំង គឺលោកនៅតែបន្តជួយជ្រោមជ្រែងដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់សហព័ន្ធរហូតដល់រូបលោកអស់ជីវិតតែម្តង។

ជាមួយគ្នានេះ លោក ហេង សុខជាតិ អគ្គលេខធិការស្តីទី សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានជម្រាបជូនថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដា្ឋននេះមានសិក្ខាកាមចូលរួម ២២ នាក់ នៅសាលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ហេង សុខជាតិ បន្ថែមថា វគ្គនេះគ្រូឧទ្ទេសនឹងចែករំលែកចំណេះដឹងទាំងទ្រឹស្ដី និងការអនុវត្តនៅលើទីលាន ដើម្បីទទួលនូវចំណេះដឹង បទពិសោធន៍ សម្រាប់យកទៅធ្វើការបណ្ដុះបណ្ដាល ហ្វឹកហាត់ដល់សិស្សានុសិស្ស កីឡាករ កីឡាការិនី ទៅតាមសាលារៀន អង្គភាព សហគមរបស់ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ វគ្គធ្វើឡើងក្នុងការបញ្ជ្រាបនូវចំណេះដឹងកីឡាវាយកូនឃ្លីលើតុតាមរយៈការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានទូទាំងប្រទេស ចំពោះព្រឹត្តិការណ៍នេះមានសិក្ខាកាមចូលរួមចំនួន២២នាក់ ហើយសិក្ខាកាមចូលរួមក្នុងវគ្គនេះគេនឹងបានដឹងពីប្រវត្តិនៃកីឡាវាយកូនឃ្លីលើតុអន្តរជាតិនិងជាតិគេនឹងបានដឹងពីច្បាប់វាយកូនឃ្លីលើតុនិងច្បាប់នៃការប្រកួត។ វិធីកំដៅសាច់ដុំ និងបន្ធូរសាច់ដុំរួមជាមួយរបៀបកាន់រ៉ាកែត និងជំហរប្រុងប្រៀបនេះជាការសិក្សាអំពីទ្រឹស្ដី៕