យុវតី រឿន ស្រីម៉ុច កំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥ ដែលក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំនៅថ្ងៃទី២៨-២៩ ខែសីហា។ ជាអ្នកហ្វឹកហាត់ហាប់គីដូផង យុវតី វ័យ ១៨ឆ្នាំរូបនេះ បានជ្រើសរើសយកការលេងកីឡា ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹង អំឡុងពេលផ្ដោតលើការសិក្សាត្រៀមប្រឡងបាក់ឌុប។
សិស្ស ដែលរៀនថ្នាក់ទី១២ តែងតែសម្រុកសិក្សាទាំងក្នុងម៉ោង និងបំប៉នក្រៅម៉ោង ដើម្បីត្រៀមប្រឡងបាក់ឌុប។ សិស្សមួយចំនួន តែងដាក់គោលដៅយកនិទ្ទេសខ្ពស់ៗ ដូចជា A ឬ B ជាដើម ដើម្បីអាចឲ្យខ្លួនយកសញ្ញាបត្រនោះ ស្វែងរកអាហារូបករណ៍ នៅសកលវិទ្យាល័យណាមួយ។ ដោយឡែក ការត្រៀមខ្លួនខ្លាំងពេក និងការបារម្ភចំពោះលទ្ធផលប្រឡង ពេលខ្លះអាចក្លាយជាសម្ពាធសម្រាប់សិស្ស ប្រៀបដូចជាការដាក់បន្ទុកមកលើខ្លួនឯង។ ជាឧទាហរណ៍ កន្លងមក មានករណី សិស្សធ្វើអត្ដឃាត ព្រោះតែប្រឡងធ្លាក់បាក់ឌុប ជាដើម។
យុវតី រឿន ស្រីម៉ុច ដែលបច្ចុប្បន្ន ក៏ជាកីឡាការិនីកីឡាហាប់គីដូ យល់ឃើញថា បេក្ខជនប្រឡងទាំងឡាយ មិនគួរដាក់សម្ពាធខ្លួនឯងខ្លាំងពេក ចំពោះការសិក្សាត្រៀមប្រឡងបាក់ឌុបឡើយ បើទោះជាត្រូវប្រឹងប្រែងឲ្យជាប់ដាច់ខាតក៏ដោយ។ កីឡាការិនីវ័យ ១៨ឆ្នាំរូបនេះ ប្រាប់ពីបទពិសោធន៍ ក៏ដូចជាការអនុវត្តន៍របស់ខ្លួនក្នុងការត្រៀមប្រឡងថា នៅពេលខ្លះ ស្រីម៉ុច មានអារម្មណ៍តានតឹងខ្លាំង បន្ទាប់ពីការប្រឹងប្រែងសិក្សាច្រើនម៉ោង។ យុវតីរូបនេះ ត្រូវរៀនបន្ធូរអារម្មណ៍តានតឹងតាមរយៈការលេងកីឡា ដូចជាវាយសីជាមួយមិត្តភក្ដិ និងចំណាយពេលនិយាយលេងជាមួយរៀមច្បងក្នុងវិស័យកីឡាហាប់គីដូ ដោយចែករំលែកបទពិសោធន៍ទាក់ទងជាមួយការសិក្សាផង និងការហាត់កីឡានេះផង។
ដោយឡែក នៅឆ្នាំសិក្សា២០២៤-២០២៥ ស្រីម៉ុច ដែលជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទួលអំពិល ក្រុងភ្នំពេញ បានកាត់បន្ថយពេលវេលាហ្វឹកហាត់កីឡាហាប់គីដូ ព្រោះតែចង់ផ្ដោតលើការប្រឡងសិន ប៉ុន្ដែយុវតីរូបនេះ ក៏នៅតែទៅលេងវាយសី ពេលដែលតានតឹងខ្លាំងពីការសិក្សាត្រៀមប្រឡង។ កីឡាការិនី បានបន្ដហាត់កីឡាហាប់គីដូ នៅថ្ងៃចុងសប្ដាហ៍តែប៉ុណ្ណោះ ខណៈថ្ងៃដើមសប្ដាហ៍សម្រុកសិក្សាត្រៀមប្រឡង ហើយស្រីម៉ុច ក៏អះអាងថាខ្លួនជាសិស្សពូកែមុខវិជ្ជាគណិតវិទ្យា។
ស្រីម៉ុច ដាក់គោលដៅប្រឡងយកនិទ្ទេស B ដោយសារតែខ្លួនបានប្រឹងប្រែងតាំងពីដើមឆ្នាំ២០២៤-២០២៥។ ការដាក់គោលដៅនេះ ដោយសារខ្លួនជឿជាក់លើសមត្ថភាព រួមផ្សំជាមួយការខិតខំប្រឹងប្រែងសិក្សាផង៕
