គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានចាប់ផ្ដើមគាស់កកាយអំពីប្រវត្តិយុទ្ធគុនខ្មែរបុរាណនៅក្រៅប្រទេស ជាមួយការសិក្សាឲ្យបានស៊ីជម្រៅ មុនឈានទៅសរសេរក្នុងគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដែលជាគំនិតផ្ដួចផ្ដើម និងជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងត្រឹមត្រឹមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍ និងអភិរក្សក្បាច់គុនដូនតាខ្មែរ សម្រាប់តម្កល់ទុកជាមរតករតនៈសម្បត្តិរបស់ជាតិទៅថ្ងៃអនាគត។
ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ក៏ដូចជាក្រុមការងារក្រុមជំនុំស្រាវជ្រាវមរតកយុទ្ធគុនខ្មែរបុរាណ បានជួបពិភាក្សាការងារជាមួយប្រតិភូថ្នាក់ដឹកនាំសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងមូលនិធិចិនដើម្បីសន្ដិភាព និងការអភិវឌ្ឍ ហើយភាគីទាំងពីរ ក៏បានបើនភ្លើងខៀវរួមគ្នាលើការងារសិក្សាស្រាវជ្រាវនេះ ដើម្បីស្រាយបំភ្លឺអំពីប្រវត្តិទំនាក់ទំនងក្បាច់គុនរវាងប្រទេសទាំងពីរ ពិសេសគឺការឆ្លើយតនឹងសំណួរ តើយុទ្ធគុនបុរាណខ្មែរ តាំងមុនសម័យអង្គរ មានពាក់ព័ន្ធអ្វីជាមួយក្បាច់គុនចិនឬអត់?
ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំខាងលើថា នេះគឺជាជំនួបដ៏ពិសេសមួយ ដោយផ្ដោតលើទំនាក់ទំនងមិត្តភាពប្រវត្តិសាស្ដ្ររវាងកម្ពុជា-ចិន ពាក់ព័ន្ធនឹងយុទ្ធគុន កម្ពុជាកំពុងសិក្សាស្រាវជ្រាវស្វែងរកចំណុចពិសេសរបស់យុទ្ធគុនខ្មែរបុរាណ បន្ទាប់ពីមានតឹកតាងមួយចំនួន នៅលើជញ្ជាំងប្រសាទបុរាណខ្មែរ ដូចជាប្រាសាទបាយ័នជាដើម បានបង្ហាញពីតម្រុយ នៃទំនាក់ទំនងកងទ័ពរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងយុទ្ធគុន តាំងពីបុរាណកាលមក។ នេះគឺជាអាថ៌កំបាំង ដែលកម្ពុជាត្រូវស្វែងរកឯកសារយោងពាក់ព័ន្ធ ដោយទាមទារឲ្យមានការចូលរួមសហការពីភាគីចិន។
គួរដឹងថា កាលពីចុងឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត គណៈកម្មការស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយមានលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ជាប្រធាន និងមានអនុគណៈកម្មការប្រតិបត្តិមួយជាសេនាធិការសម្រាប់ដំណើរការងាររបស់ខ្លួន ដើម្បីអនុវត្តនូវការសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសាររតនសម្បត្តិរបស់ជាតិសម្រាប់ថ្ងៃអនាគត។
ក្នុងបេសកកម្មរុករកស្រាវជ្រាវរបស់គណៈកម្មការនេះ មានការងារជាច្រើន ដែលត្រូវរៀបចំ និងអនុវត្ត ជាមួយវិសាលភាពទូលំទូលាយ ក្នុងការសិក្សាស្រាវជ្រាវ ដោយបើកជំហរសម្រាប់ប្រជាពលរដ្ឋ ព្រះសង្ឃ និងនិស្សិត ក៏ដូចជាការសិក្សា ទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើការប្រមែប្រមូលធាតុផ្សំផ្សេងៗ ជាក់ស្ដែងកិច្ចសហការជាមួយភាគីចិន នៅពេលនេះ ដើម្បីជំរុញឲ្យដំណើរការ នៃការសិក្សាស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានប្រព្រឹត្តទៅកាន់តែរលូន និងជោគជ័យ៕