កំពង់ស្ពឺ៖
នារីវ័យក្មេង(តួស្រី)ម្នាក់ដាច់ចិត្តចងករសម្លាប់ខ្លួនក៏ព្រោះតែខឹងអន់ចិត្តជាមួយនារីម្នាក់ទៀតដែលជាគូរស្នេហ៍(តួប្រុស) មិនបោកខោអាវឱ្យ ខណៈដែលស្រលាញ់គ្នាចំនួន០៣ឆ្នាំកន្លងទៅហើយ លះបង់មកជួលផ្ទះរស់នៅជាមួយគ្នាជាប្តីប្រពន្ធដូចលលកញីឈ្មោល។
ករណីនារីវ័យក្មេងដាច់ចិត្តចងករសម្លាប់ខ្លួនចោលគូរស្នេហ៍ភេទដូចគ្នានេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង០៥និង៤០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចក្នុងភូមិព្រៃទទឹងកើត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសី បាននិយាយឱ្យដឹងថាសពនារីខាងលើ មានឈ្មោះ ចឹក ស្រីលីន អាយុ២០ឆ្នាំ មុខរបរកម្មារិនីរោងចក្រ មានស្រុកកំណើត នៅភូមិអណ្តូង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន រស់នៅក្នុងភូមព្រៃទទឹងខាងកើត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសី បានបន្តថា បើយោងតាមកាបំភ្លឺ របស់ឈ្មោះ ស្រេង ស្រីណាង ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិព្រៃទទឹងខាងកើត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវជាប្ដី (ស្រីស្រលាញ់ស្រី ភេទដូចគ្នា) បានបំភ្លឺថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សពនារី(ជាប្រពន្ធ) បានប្រើខ្លួនជាប្តី ឲ្យបោកខោអាវ តែខ្លួនប្រកែកថា ខ្ញុំមិនធ្វើ ហើយក៏មានការអន់ចិត្តជាមួយគ្នា មិននិយាយជាមួយគ្នា នាងក៏ទៅធ្វើការងារ លុះដល់ពេលយប់ក៏ដេកបែកគ្នាទៀត។ លុះពេលព្រឹកឡើងដល់ម៉ោងកើតហេតុខាងលើ នាងបានក្រោកពីដេក បានមកចូលបន្ទប់ទឹក ក៏ស្រាប់តែឃើញសពនារីជាតួប្រពន្ធ ចងករជាមួយខ្សែនីឡុងពណ៌ខ្មៅជាប់និងមេដំបូលបន្ទប់ទឹកបណ្ដាលឲ្យស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ នគរបាលស្រុកគងពិសី បានបញ្ជាក់ថាតាមការពិនិត្យរបស់នគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ដោយមានការចូលរួមពីអាជ្ញាធរភូមិ~ឃុំនិងក្រុមគ្រួសារសពផងនោះ មានស្នាមរឹតក។
បើតាមការឱ្យដឹងពីឈ្មោះ ស្រេង ស្រីណាង ជាតួប្រុស និយាយប្រាប់សមត្ថកិច្ចថា នារីជាសពជាតួស្រី ដែលចងករសម្លាប់ខ្លួន និងនាង បានស្រលាញ់គ្នារស់នៅជាប្តីប្រពន្ធជាង៣ឆ្នាំមកហើយ ហើយតែងតែឈ្លោះគ្នា និងអន់ចិត្តគ្នាជាញឹកញាប់ខ្លាំងណាស់ រហូតដល់ថ្ងៃកើតហេតុស្រីថ្លៃដាច់ចិត្តចងករសម្លាប់ខ្លួនចោលរូបនាងជាប្តីឱ្យនៅម្នាក់ឯងទៅវិញ ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ទៀតថាចំពោះសពខាងលើ ក្រោយធ្វើការពិនិត្យ រួចរាល់ នគរបាលជំនាញបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
