កាលពីពេលថ្មីៗកន្លងទៅនេះ យុវតី ជូរី ល្អហួស ដែលជាសិល្បការិនីវ័យក្មេងដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បានបង្ហោះសារមួយដ៏គួរឱ្យចាប់អារម្មណ៍នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយខ្លឹមសារនោះមានន័យយ៉ាងដូច្នេះថា បើសិនជានៅក្នុងឆ្នាំ ២០២៦ យុវតីវ័យក្មេងរូបនេះមានឱកាសបានតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាទៅប្រកួតសម្រស់នៅលើឆាកអន្តរជាតិម្ដងទៀត ពោលគឺនៅប្រទេសឥណ្ឌា យុវតីរូបនេះ សន្យាជាមួយប្រជាជនខ្មែរថា នឹងប្រើប្រាស់សំឡេងដ៏មានឥទ្ធិពលរបស់ខ្លួន ក្នុងការបកស្រោមមុខ និងសន្ដានសៀម ជូនបងប្អូនខ្មែរនៅទូទាំងប្រទេសនៅលើឆាកអន្តរជាតិមួយនោះ។
ទន្ទឹមនឹងការលើកឡើងបែបនេះ ល្អហួស ទទួលបានសំឡេងសាទរយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន និងបងប្អូនខ្មែរផងដែរ។
កន្លងមក ល្អហួស ធ្លាប់បានតំណាងឱ្យប្រទេសកម្ពុជាម្តងរួចមកហើយនៅក្នុងកម្មវិធីប្រកួតសម្រស់វ័យក្មេង “ឌឹហ្ស៊ឺតជូនៀរ៍អាយដលវើល២០២៤” (The 3rd Junior Idol World 2024) នៅឯប្រទេសថៃ និងទទួលបានតំណែងជាម្ចាស់ជ័យលាភីលេខមួយជា “មីសព្រីធីនអ៊ិនធើណេហ្សិនណល២០២៤” (Miss Preteen International 2024) ផងដែរ។ ជាមួយគ្នានេះបវរកញ្ញាយុវតីរូបនេះ ថែមទាំងចិញ្ចឹមចិត្តចង់ចូលរួមប្រកួតប្រជែងនៅលើវេទិកាប្រកួតសម្រស់ធំៗនៅលើឆាកអន្តរជាតិនៅពេលពេញវ័យនាថ្ងៃអនាគតថែមទៀតផង។
គួរឱ្យដឹងថា យុវតី ជូរី ល្អហួស តែងតែចូលរួមធ្វើសកម្មភាពសប្បុរសធម៌នៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ ដោយឡែក មួយរយៈកន្លងមកនេះ យុវតីរូបនេះ ក៏បានប្រើប្រាស់សំឡេងដ៏ខ្លាំងក្លារបស់ខ្លួន នៅលើបណ្តាញសង្គម អំឡុងពេលប្រទេសថៃបាននឹងកំពុងឈ្លានពានទឹកដីមកលើប្រទេសកម្ពុជាយ៉ាងឥតឈប់ឈរផងដែរ៕
