ការអនុម័តរបស់គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល លើផែនការគ្រប់គ្រងទីក្រុងហ្គាហ្សា បានជំរុញឲ្យមានការភ័យខ្លាច និងកំហឹងយ៉ាងខ្លាំងក្នុងចំណោមប្រជាជនដែលរស់នៅតំបន់ហ្គាហ្សា ដែលកំពុងស៊ូទ្រាំនឹងសង្រ្គាមអស់រយៈពេលជិតពីរឆ្នាំមកនេះ និងបានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងដើម្បីបញ្ចប់សោកនាដកម្មមនុស្សធម៌នៅក្នុងតំបន់ដែលហែកហួរដោយសង្រ្គាមមួយនេះ។ កាលពីថ្ងៃទី 8 ខែសីហាសប្តាហ៍មុន គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បានអនុម័តផែនការដែលស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ប៊េនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការកាន់កាប់ទីក្រុងហ្គាហ្សា ដែលជាទីក្រុងធំបំផុតក្នុងតំបន់ហ្គាហ្សា និងតំបន់ជុំវិញដែលបានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងបង្កើនការព្រួយបារម្ភអំពីវិបត្តិមនុស្សធម៌ដែលកំពុងរីករាលដាលរួចទៅហើយ។