ភ្នំពេញ៖ 

បុរសម្នាក់ បានជិះម៉ូតូ១គ្រឿងឆ្លងផ្លូវ ក៏ជ្រុលទៅបុកចំកាងចំហៀងកន្ទុយរ៉ឺម៉ករថយន្តដឹកស្រូវ១គ្រឿង ហើយត្រូវរថយន្តនោះកិនអូសចម្ងាយជាង៣០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជើងម្ខាងសន្លប់ស្ដូកស្ដឹង ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅតាមមហាវិថីស៊ី ជីនពីង ត្រង់ចំណុចមុខផ្សាររាត្រី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះរូបនោះ មានឈ្មោះសុខ ស៊ីណយ អាយុជាង៣០ឆ្នាំ មុរបរកម្មកររោងផលិតស្រាបៀរហនុមាន មានទីលំនៅក្នុងបរីពិភពថ្មីគម្រោងទី៣ ភូមិព្រៃកីសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រងរបួសបាក់ជើង ។ 

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ គាត់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1AH-4855 ឆ្លងមហាវិថីស៊ី ជីនពីង ក្នុងទិសដៅពីកើតទៅលិច ។ ខណៈនោះ ក៏ជ្រុលទៅបុកចំកាងចំហៀងខាងឆ្វេងរថយន្តដឹកស្រូវ១គ្រឿងម៉ាកFUSO ពណ៌ស ក្បាលពាក់ស្លាកលេខចង្កូតស្ដាំKCH-0056 និងកន្ទុយរ៉ឺម៉កពាក់ស្លាកលេខកំពង់ចាម4A-1308 ដែលកំពុងបើកបរតាមមហាវិថីស៊ីជីនពីងនោះក្នុងទិសដៅពីជើងទៅត្បូង ។ 

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តថា ខណៈនោះ ក៏ត្រូវរថយន្តនេះកិនអូសជាង៣០ម៉ែត្រទើបរបូតចេញ បណ្ដាលឲ្យរងរបួសបាក់ជើង និងសន្លប់ស្ដូកស្ដឹង ចំណែកម៉ូតូខូចខាតខ្ទេចទាំងស្រុង រីឯរថយន្តបានបើកទៅមុខចម្ងាយជាង៥០ម៉ែត្រទើបឈប់ ហើយអ្នកបើកបរចុះរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ ក្រុមសង្រ្គោះអង្គភាព៧១១ បានដឹកបុរសរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្រ្គោះបន្ទាន់ ចំណែករថយន្តនិងម៉ូតូ ត្រូវបាននគរបាលខណ្ឌកំបូលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕