អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានមកដល់តុលាការឧក្រិដ្ឋកម្មក្នុងទីក្រុងបាងកក នាព្រឹកថ្ងៃសុក្រ ទី22 ខែសីហានេះ ដើម្បីស្តាប់សាលក្រម ជុំវិញសំណុំរឿងប្រមាថព្រះមហាក្សត្រ។ លោកថាក់ស៊ីនត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ 15 ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធភាព។ តែយ៉ាងណាមិញ លោកថាក់ស៊ីន បានបដិសេធការប្រព្រឹត្តខុស និងបានសន្យាម្តងហើយម្តងទៀតនូវភក្តីភាពចំពោះព្រះមហាក្សត្រ។ គួរបញ្ជាក់ផងដែរថា ករណីនេះ កើតចេញពីបណ្តឹងរបស់យោធារាជានិយម ដែលបានទម្លាក់លោកថាក់ស៊ីនកាលពីឆ្នាំ 2006 និងប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីឆ្នាំ 2014 ដោយការធ្វើរដ្ឋប្រហារ។
