ភ្នំពេញ៖
ជនជាតិវៀតណាម ០១នាក់ វ័យ២០ឆ្នាំជាង សង្ស័យមានវិបត្តិផ្លូវចិត្ត សម្រេចធ្វើអត្តឃាតលោតសម្លាប់ខ្លួន ពីលើខុនដូជាន់ទី ០៨ចុះមកក្រោម បណ្តាលអោយបែកក្បាលស្លាប់ ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ២៨៨ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ Phan cong chuc (ផាន់ សុង ជុក) អាយុ ១៩ឆ្នាំ សញ្ជាតិ ជនជាតិវៀតណាម ស្នាក់នៅខុនដូកើតហេតុ បន្ទប់ 8D ជាន់ទី៨ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាអ្នកដឹកជញ្ជូនម្ហូប បានអោយដឹងថា មុនកើតហេតុ គាត់ កំពុងឈប់ម៉ូតូរង់ចាំម្ហូប ដើម្បីដឹកយកអោយភ្ញៀវ ប៉ុន្តែខណៈកំពុងឈប់ម៉ូតូបានមួយសន្ទុះ ក៏ស្រាប់តែមានឮសម្លេងលាន់ដូចឡានបុកគ្នា។ ខណៈនោះ គាត់បានរត់ចុះពីលើម៉ូតូទៅមើល ឃើញមានសពជនជាតិបរទេសម្នាក់ បានធ្លាក់ពីលើអគារខុនដូខាងលើ បានមកប៉ះជាមួយថ្ពាល់រថយន្ត បណ្តាលអោយកំពិត ។ ចំណែកឯសព បានបែកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម ។ ភ្លាមៗ អ្នកឃើញហេតុការណ៍ បានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍តែម្តង ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ បានអោយដឹងថា បន្ទាប់ពីត្រួតពិនិត្យសព និងស្រាវជ្រាវមើលតាមកាំម៉េរ៉ាសុវត្ថិភាពរួច គឺសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបានធ្វើអត្តឃាតលោតសម្លាប់ខ្លួនពី ជាន់ទី ០៨ ចុះមកក្រោមស្លាប់ ។ បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញា្ញត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
