ភ្នំពេញ៖
បុរសម្នាក់ដឹកសាច់ប៉ាតេយកទៅដាក់ឲ្យម៉ូយ ហើយ ជាអកុសល បានជិះម៉ូតូ១គ្រឿងធ្លាក់ជង្ហុក បណ្ដាលឲ្យដួល ប៉ុន្តែរងរបួសស្រាលប៉ុណ្ណោះ ហើយគាត់បានខំលើកដៃឃាត់រថយន្តដែលទៅជិតដល់គាត់ឲ្យឈប់ ស្រាប់តែមានរថយន្តផ្សេងបើកលឿនអត់ឈប់ទេ ទៅដល់បុកនិងកិន បណ្ដាលឲ្យគាត់ស្លាប់ភ្លាមៗតែម្ដង ។
ឧប្បត្តិហេតុនោះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវលេខ១០៤ សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះខាងលើឈ្មោះយន ប៊ុនថន ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FQ-8285 ដឹកសាច់ប៉ាតេចេញពីភ្នំពេញ យកទៅដាក់ឲ្យម៉ូយនៅម្តុំផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។ ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានធ្លាក់ចូលជង្ហុកបណ្តាលឲ្យដួលម៉ូតូរងរបួសស្រាល ហើយរូបគាត់បានព្យាយាមលើកដៃកុំឲ្យរថយន្តមកបុកគាត់បន្ថែមទៀត ។
ប្រភពដដែល បានឲ្យដឹងបន្តថា ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនទៅដល់ បុកនិងកិនជនរងគ្រោះ បណ្តាលឲ្យបែកក្បាលទាំងពាក់មួកសុវត្ថិភាពស្លាប់យ៉ាងអាណោចអធ័មនៅកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុ រថយន្តបង្ក បានបើករត់បាត់ បន្ទាប់មក នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមក ពិនិត្យនិងវាស់វែងនៅទីតាំងកើតហេតុខាងលើ ។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕