ភ្នំពេញ ៖
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កងកម្លាំង១៨រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ រហូតដល់ពេលនេះ ថៃមិនទាន់បញ្ជូនមកកម្ពុជា ក្រៅពីកម្លាំង២រូប ដែលបញ្ជូនកាលពីថ្ងៃទី០១ ខែសីហា ក្នុងសភាពរបួស។ ដូច្នេះ កម្ពុជាបន្តជំរុញឱ្យថៃ បញ្ជូនកងកម្លាំងដែលសេសសល់ឱ្យបានឆាប់ និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ការឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទសារពព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការចរចាជាមួយភាគីថៃ យ៉ាងយកចិត្តទុកដាក់ ស្របជាមួយគ្នានឹងការស្នើទៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ឱ្យជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃ ប្រគល់វីរកងទ័ពកម្ពុជា ទាំង១៨រូប ត្រឡប់មកប្រទេសកម្ពុជាវិញ ឱ្យបានឆាប់រហ័ស។
អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ក្រសួងការពារជាតិ កងយោធពលខេមរៈភូមិន្ទ គឺមិនទុកសមាជិកណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
