ថ្មីៗនេះ តារាចម្រៀងស្រីពូកែដាក់មនោសញ្ចេតនា អ្នកនាង ពេជ្រ សូលីកា បានប្រកាសនូវដំណឹងល្អមួយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយការប្រកាសនោះអ្នកនាង បានឱ្យដឹងថា អ្នកនាងនឹងជួយធ្វើការផ្សព្វផ្សាយដោយឥតគិតថ្លៃ ដល់ប្រជាកសិករខ្មែរ ដែលបានដាំបន្លែធម្មជាតិ។
យោងតាមការបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ពេជ្រ សូលីកា មានខ្លឹមសារទាំងមូលយ៉ាងដូច្នេះថា៖ “នាងខ្ញុំ សូមប្រកាស សម្រាប់បងប្អូនកសិករ ដែលដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេសកម្ពុជា នាងខ្ញុំទទួលផ្សព្វផ្សាយជូនដោយមិនគិតកម្រៃ”។ តារាចម្រៀងស្រីរូបនេះ ក៏បានបញ្ជាក់បន្ថែមដែរថា ការជួយធ្វើការផ្សព្វផ្សាយនេះ គឺ ទទួលបន្លែផ្ទាល់ដើម្បីផ្សព្វផ្សាយពីគុណភាព និង កសិករណាដែលមានទីតាំងជិត ដែលអាចចុះទៅដល់ផ្ទាល់តែប៉ុណ្ណោះ។
យ៉ាងណាមិញ នេះក៏ចាត់ទុកថា ជាដំណឹងល្អមួយសម្រាប់បងប្អូនប្រជាកសិករផងដែរ ដោយការជួយជ្រោមជ្រែងពីបុគ្គលដែលមានឥទ្ធិពលសំឡេង ដូចជា អ្នកនាង ពេជ្រ សូលីកា នឹងកាន់តែធ្វើឱ្យផលិតផលដំណាំដែលដាំដុះនៅក្នុងស្រុក កាន់តែមានអ្នកស្គាល់ និងបានទៅដល់អ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជាយ៉ាងឆាប់រហ័សផងដែរ។
គួរបញ្ជាក់ឱ្យដឹងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាស្រីខាងលើ បានធ្វើអំពើសប្បុរសធម៌ ដោយកាលពីប៉ុន្មានថ្ងៃមុននេះ អំឡុងពេលដែលប្រទេសកម្ពុជារងការឈ្លានពានទឹកដីពីប្រទេសថៃ អ្នកនាង បានផ្តល់ជាជំនួយផ្សេងៗដល់ជនភៀសឹក និងបានធ្វើយុទ្ធនាការ ដើរថ្មើរជើងសន្តិភាព នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ផងដែរ៕
