ដូចដែលមហាជនបានជ្រាបស្រាប់ហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ផលិតកម្ម Film Corner ដែលមានលោក ប៉ីប៉ី ឌី ជាម្ចាស់ផលិតកម្ម បានធ្វើការបញ្ចេញ Trailer រឿងដុំខ្នាតធំទីមួយរបស់ខ្លួនដែលមានចំណងជើងថា “ភូមិគ្រឹះអាគម” នៅតាមបណ្តាញសង្គម ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។

ទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួនតូចបានបង្ហាញការមិនពេញចិត្តផងដែរ ដោយអ្នកខ្លះបានលើកឡើងថា ស្រុកខ្មែរប្រហែលជាខ្វះតួ បានជាយកម៉ែសេះ មកដើរជាតួឯកទៅវិញ។

តបទៅនឹងមតិរិះគន់ទាំងនោះ លោក ប៉ីប៉ី ឌី ដែលជាម្ចាស់ផលិតកម្មបានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា មិនបានខ្វះតួដូចដែលការលើកឡើងនោះទេ ប៉ុន្តែការដែលយកម៉ែសេះ ដែលជាកូនក្រុមរបស់ខ្លួនមកសម្តែងជាតួឯកស្រីនេះ ក៏ដោយសារលោកចង់លើកម៉ែសេះ ធ្វើជាតួឯកស្រីនៅក្នុងរឿងកុនដំបូងរបស់ខ្លួនតែម្តង។ លោក ប៉ីប៉ី ឌី ក៏បានគូសវាសដែរថា ចង់ឱ្យមហាជនអ្នករិះគន់ បើកចិត្តឱ្យទូលាយ និងទទួលយកមនុស្សដែលមានសមត្ថភាព ដូចជាម៉ែសេះជាដើម។

គួរឱ្យដឹងថា រឿង “ភូមិគ្រឹះអាគម” ដែលជាភាពយន្តខ្នាតធំដំបូងរបស់ផលិតកម្ម Film Corner នឹងត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងស្រុកមួយចំនួន ចាប់ពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះតទៅ៕