លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមានថា ផលវិបាកនឹងអាចកើតមាន ប្រសិនបើមិនមានជំនួបរវាងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ុលូឌីមៀ ហ្សេលេនស្គី នោះទេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អំឡុងពេលនៃកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លី ជេយ៊ុង លោក ត្រាំ បានបញ្ជាក់ថា មេដឹកនាំទាំងពីរ រុស្ស៊ី អ៊ុយក្រែន "គួរតែជួបគ្នា" ក្នុងរយៈពេលមួយ ឬពីរសប្តាហ៍ខាងមុខនេះ ដើម្បីឲ្យដឹងថានឹងមានរឿងអ្វីកើតឡើង មុនពេលឈានដល់ដំណោះស្រាយសន្តិភាពក្នុងប្រទេសអ៊ុយក្រែន។