លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងជួបជាមួយលោកប្រធានាធិបតីប្រទេសរុស្ស៊ី ពូទីន នៅថ្ងៃទី 15 ខែសីហាខាងមុខ នៅរដ្ឋ អាឡាស្កា របស់សហរដ្ឋអាមេរិក ដើម្បីចរចាបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ជំនួយការរបស់លោកប្រធានាធិបតី ពូទីន លោក យូរី អ៊ូសាខូហ្វ (Yuri Ushakov) បានបញ្ជាក់ថា មេដឹកនាំទាំងពីរ រុស្ស៊ី អាមេរិក នឹងផ្តោតលើការពិភាក្សាអំពីជម្រើសសម្រាប់ការសម្រេចបាននូវដំណោះស្រាយសន្តិភាពរយៈពេលវែងចំពោះវិបត្តិសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា ប្រសិនបើគ្មានការប្រែប្រួលទេនោះ លោកប្រធានាធិបតី ពូទីន នឹងក្លាយជាប្រធានាធិបតីរុស្សីដំបូងគេ ដែលនឹងបំពេញទស្សនកិច្ចទៅកាន់រដ្ឋអាឡាស្កា ជាទឹកដីដែលទីក្រុងមូស្គូ លក់ទៅឲ្យសហរដ្ឋអាមេរិកកាលពីឆ្នាំ 1867 ក្នុងតម្លៃ 7.2 លានដុល្លារ ហើយក៏នឹងក្លាយជាដំណើរទស្សនកិច្ចលើកទី 8 របស់លោកប្រធានាធិបតី ពូទីន ទៅកាន់សហរដ្ឋអាមេរិក។
