ឯកឧត្តម ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបង្ហាញនូវក្តីរំពឹងខ្ពស់ថា កីឡាករកីឡាការិនីឡើងភ្នំកម្ពុជា ដែលបង្ហាញនូវទេពកោសល្យយ៉ាងស្ទាត់ជំនាញក្នុងការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះនឹងអាចមានលទ្ធផលលើកទង់ជាតិ អាចដណ្តើមបានមេដាយជូនជាតិ ពីការប្រកួតកម្រិតអន្តរជាតិ។ ការថ្លែង វាយតម្លៃដោយមានសុទិដ្ឋិនិយមបែបនេះ បានធ្វើឡើងក្នុងកម្មវិធីបិទការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នាល្ងាចថ្ងៃទី២៤ ខែសីហា ។

ប្រធាន សហព័ន្ធដដែល បានគូសបញ្ជាក់ថា ថ្វីត្បិតពេលនេះសមត្ថភាពយើងនៅមានកម្រិតបើប្រៀបធៀបនិងសមត្ថភាពកីឡាករកីឡាការិនីអន្តរជាតិមួយចំនួនក្តី។ ប៉ុន្តែឈរលើស្មារតីខិតខំប្រឹងប្រែងរបស់ប្អូនៗក្មួយៗកីឡាករកីឡាការិនីក្នុងការប្រកួតរយៈពេល២ថ្ងៃនេះ សង្កេតឃើញថា កីឡាករកីឡាការិនីយើងមានទេពកោសល្យនិងឆន្ទៈខ្ពស់ ដែលជាក្តីសង្ឈឹមរបស់សហព័ន្ធក្នុងការបណ្តុះបណ្តាលបំប៉នបន្ថែម ដើម្បីប្រកួតប្រជែងដោយគុណភាពនៅលើឆាកអន្តរជាតិ។

យ៉ាងណាមិញ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឡាំង អូណា និងសមាជិកប្រតិបត្តិទាំងអស់ ដែលប្រឹងប្រែងរួមចំណែកអភិឌ្ឍន៍ប្រភេទកីឡាអូឡាំពិកមួយនេះឱ្យមានការរីកចម្រើន។ ទន្ទឹមជាមួយគ្នានេះដែរ ក៏បានកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត និងកីឡាករ កីឡាការិនីបានសហការគ្នាយ៉ាងល្អប្រសើរធ្វើឱ្យការប្រកួតដំណើរការដោយរលូន ព្រមទាំងកាត់ក្តីដោយយុត្តិធម៌ ប្រកាន់ភ្ជាប់ក្រមសីលធម៌ជាអាជ្ញាកណ្តាល និងចៅក្រម ដើម្បីស្វែងរកធនធានឆ្នើមៗ ត្រៀមចូលរួមការប្រកួតកម្រិតអន្តរជាតិនានា នៅពេលខាងមុខ។

ការប្រកួតនេះ ជាការប្រកួតដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមកាប្រកួតកីឡាអន្តរជាតិ នាពេលខាងមុខ ជាពិសេសត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ នៅកម្ពុជាផងដែរ។

បន្ថែមពីនេះ សម្រាប់ការប្រកួតជើងឯកឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួម ៦១ នាក់ ក្នុងនោះកីឡាការិនី ១៨នាក់មកពីក្លឹបកីឡាឡើងភ្នំ ។ ហើយឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃ គណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ ១៧វិញ្ញាសា ក្នុងនោះមានវិញ្ញាសាល្បឿនចែកជា ៤វិញ្ញាសាតូចៗកម្រិតអាយុ ១៣ឆ្នាំចុះ ដល់អាយុ ២០ឆ្នាំឡើង, វិញ្ញាសា ថប់រ៉ប់ អ៊ែនលៀត មាន ៦វិញ្ញាសាពីកម្រិតអាយុ ១៣ឆ្នាំចុះ ដល់ ២០ឆ្នាំឡើង, វិញ្ញាសាប៊ូលឌឺ មានវិញ្ញាសាកម្រិតអាយុ ១៤ឆ្នាំចុះ ដល់វិញ្ញាសាកម្រិតបុរស-នារីអាយុ ២០ឆ្នាំឡើង៕