“ប៉ុង អ៊ែបភេធីត យ៉ ម៉ឹជេសធី” (Bon Appetit, Your Majesty) ដែលជារឿងភាគឆ្លងភព បែបកំប្លែង មនោសញ្ចេតនាថ្មីពី tvN បាននិងកំពុងអង្រួនអារម្មណ៍អ្នកទស្សនា ខណៈរឿងថ្មីនេះទើបតែបានចាក់ផ្សាយភាគដំបូងរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ។
ជាការពិតណាស់ បើយោងតាមការវាយតម្លៃជាមធម្យនៅទូទាំងប្រទេសសម្រាប់ភាគដំបូង ឃើញថាមានការហក់ឡើងខ្ពស់រហូតដល់ ៤.៩% ឯណោះ។ នេះចាត់ទុកថារឿងភាគខាងលើ ដែលបានចាក់ផ្សាយនៅចុងសប្តាហ៍រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ គឺជារឿងភាគដែលមានការវាយតម្លៃខ្ពស់បំផុតរបស់ tvN សម្រាប់ឆ្នាំ ២០២៥។
“ប៉ុង អ៊ែបភេធីត យ៉ ម៉ឹជេសធី” (Bon Appetit, Your Majesty) គឺជារឿងតំណាលពី “យ៉ុន ជីយ៉ុង” (Yeon Ji-young) ដែលជាចុងភៅស្រីដ៏ជោគជ័យម្នាក់ រៀបនឹងក្លាយជាមេចុងភៅនៃភោជនីយដ្ឋានលំដាប់ផ្កាយ ៣ មួយកន្លែងទៅហើយ ប៉ុន្តែអំឡុងពេលដែលនាងជិះយន្តហោះ ធ្វើដំណើរត្រលប់មកពីការប្រកួតធ្វើម្ហូបនៅប្រទេសបារាំងវិញ ស្រាប់តែមានអភូហេតុសូរ្យគ្រាស បានធ្វើឱ្យនាងឆ្លងសម័យកាលទៅកាន់សម័យចូសន់ និងបានជួបស្តេចផ្តាច់ការ កំណាច ឃោរឃៅម្នាក់នៅសម័យមួយនោះ។ យ៉ាងណាមិញដើម្បីឱ្យខ្លួនរួចជីវិតនៅសម័យនោះ “ជីយ៉ុង” (Ji-young) បានប្រើប្រាស់ជំនាញធ្វើម្ហូបរបស់នាងនៅក្នុងផ្ទះបាយបានយ៉ាងល្អឥតខ្ចោះ ដើម្បីទប់ទល់ជាមួយស្តេចកំណាចនៅសម័យចូសន់នោះ។
គួរឱ្យដឹងថា រឿង “ប៉ុង អ៊ែបភេធីត យ៉ ម៉ឹជេសធី” (Bon Appetit, Your Majesty) មានការចូលរួមសម្តែងដោយ លោក “លី ឆេមីន” (Lee Chae-Min) ដើរតួជា ព្រះមហាក្សត្រ “លី ហេយ៉ុន” (Lee Heon) និង នាង “អ៊ីម យ៉ូណា” (Im Yoon-ah) ដើរតួជា ចុងភៅស្រី “យ៉ុន ជីយ៉ុង” (Yeon Ji-young) ចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍កូរ៉េ tvN៕