ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ បានឈានដល់សប្ដាហ៍ទី២ហើយ  គឺពិតជាកក្រើក ស្វិតស្វាញ នៅចុងសប្ភាហ៍នេះ។

ចំពោះក្នុងការប្រកួតដែលគេឲ្យរហ័សនាមថា Classic Match រវាងក្លិបបាល់ទាត់បឹងកេតអេហ្វស៊ី បានត្រឹមស្មើរគ្នា ០ទល់០ ជាមួយក្លឹបបាល់ទាត់សឹង្ហក្រហម ភ្នំពេញក្រោន នាពហុកីឡដ្ឋានជាតិ អូឡាំពិក ។ស្របពេលដែលក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ បានត្រឹមស្មើគ្នា ១ទល់និង១ ជាមួយក្រុមភ្ញៀវក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានកំពង់ស្ពឺ។ រីឯក្រុមវិសាខា បានវាយបកយកឈ្នះក្រុមភ្ញៀវមកពីតំបន់មាត់សមុទ្រ ឡាយហ្វ ខេត្តព្រះសហនុ ក្នុងលទ្ធផល ៣ទល់និង២ នៅកីឡដ្ឋានព្រីនស៍ ដែលទាំង៣គូ ខាងលើបានប្រកួតគ្នាកាលពីរាត្រីថ្ងៃទី១៧ សីហា ឆ្នាំ២០២៥ ។

តួយ៉ាងកាលពីថ្ងៃសៅរ៍ទី១៦ សីហា ឯណោះវិញ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះ អង្គរថាយហ្គឺរ ៣ទល់០ ឡើងកំពូលតារាងសប្ដាហ៍ទី២ នៅកីឡដ្ឋាន នៅកីឡដ្ឋាន អាគីហឺរ៉ូ កាតូ ក្នុងខេត្តសៀមរាប ខណៈក្រុមជើងខ្លាំងជំនាន់ថ្មី អឹម អូ អាយ កំពង់ដេវ៉ា បានយកឈ្នះក្រុមម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យ ក្នុងលទ្ធផល៤ទល់និង២ នៅកីឡដ្ឋាន គីរីវង់សុខសែនជ័យ ។

ព្រះខ័នរាជស្វាយរៀងនៅតែបន្ដភាពខ្លាំងរបស់ខ្លួន ក្រោយឆ្លងកាត់២ប្រកួត បិទមិនឱ្យគេសុតចូលទាំង២ប្រកួត នឹងសុតគេបាន៦គ្រាប់ មាន៦ពិន្ទុពេញ ឈរកំពូលតារាងបណ្ដោះអាសន្ន តាមពីក្រោយដោយក្លិបបាល់ទាត់បឹងកេត មាន ៤ពិន្ទុ ខណៈកងយោធពលខេមរភូមិន្ទ ឈរលេខ៣ មាន៤ពិន្ទុ ,ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ឈរលេខ៤ មាន៣ពិន្ទុ និងលេខ៥ ក្លិបាល់ទាត់ វិសាខា មាន៣ពិន្ទុដូចគ្នា។

ក្រោយពីបញ្ចប់ការប្រកួតសប្ដាហ៍ទី២ កីឡដ្ឋានទាំង៥ មានទស្សនិជនចូលរួមទស្សនាសរុបប្រមាណជា ១១៤៣៣ នាក់ ខណៈដែលការប្រកួតរវាង បឹងកេត និង ភ្នំពេញក្រោនមានអ្នកទស្សនាច្រើនជាងគេ ៣៥៤៤ នាក់៕