កាលពីពេលថ្មីៗនេះ អ្នកគាំទ្ររបស់ “ជី ដ្រាហ្គន” (G-Dragon) បានបង្ហាញការមិនពេញចិត្តជាខ្លាំង ខណៈពេលដែលការប្រគុំតន្ត្រី “អ៊ូបឺរ៍ម៉េន” (Ubermensch) របស់ “ជី ដ្រាហ្គន” (G-Dragon) បានធ្វើដំណើរមកដល់ទីក្រុងហុងកុង។ ដើមហេតុដែលបណ្តាលឱ្យមានការមិនពេញចិត្តពីអ្នកគាំទ្រ ក៏ព្រោះតែពួកគេបានប្រទះឃើញមានអ្នកកាន់ផ្លាកសញ្ញាសរសេរថា “ប្រ៊ីង ស៊ឹងរិ ប៊ែក” (Bring Seungri Back) ដែលនេះចាត់ទុកថាជាទង្វើ មិនគោរព និងឱ្យតម្លៃចំពោះ “ជី ដ្រាហ្គន” (G-Dragon)។

យ៉ាងណាមិញ ហេតុការណ៍នេះបានរីករាលដាលយ៉ាងឆាប់រហ័ស នៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។ ក្នុងនោះមានអ្នកគាំទ្រជាច្រើនរាយការណ៍ថា ផ្លាកសញ្ញាខាងលើនេះ ត្រូវបានគេប្រទះឃើញជាច្រើនដងនៅក្នុងអំឡុងពេលសម្តែង ហើយអ្នកខ្លះទៀតជឿថា “ជី ដ្រាហ្គន” (G-Dragon) ផ្ទាល់ ក៏បានកត់សម្គាល់ ដោយការមើលឃើញ និងព្យាយាមមើលទៅកន្លែងផ្សេងជាដើម។

គួរឱ្យដឹងថា “ស៊ឹងរិ” (Seungri) គឺជាអតីតសមាជិកក្រុម “ប៊ីកប៊ែង” (BIGBANG) ហើយតារាចម្រៀងប្រុសរូបនេះបានចាកចេញពីក្រុម និងវិស័យសិល្បៈក្នុងឆ្នាំ ២០១៩ បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ “បឺននីង សាន់” (Burning Sun) ដែលផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដូច្នេះ ការ លើកផ្លាកសញ្ញា បែប នេះ គឺជាបញ្ហា រសើប ខ្លាំង ជាពិសេសអ្នកគាំទ្រ “ជី ដ្រាហ្គន” (G-Dragon) និង “ប៊ីកប៊ែង” (BIGBANG) ផ្ទាល់តែម្តង ដោយពួកគេបាននាំគ្នាបង្ហាញអារម្មណ៍មិនពេញចិត្តនៅលើ “ថ្វីតថឺ” (Twitter) និង “ស្រ៊ីដ” (Threads) ដោយអំពាវនាវឱ្យអ្នករៀបចំកម្មវិធី និងក្រុមថែរក្សាសណ្តាប់ធ្នាប់ ការពារកុំឱ្យមានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងម្តងទៀតនៅថ្ងៃប្រគុំតន្ត្រីខាងមុខ៕