បន្ទាប់ពីបានសាងគ្រួសារដ៏ផ្អែមល្ហែមជាមួយគ្នាតាំងពីឆ្នាំ ២០១៨ និងទទួលបានកូនស្រីដំបូងក្នុងឆ្នាំ ២០២០ គូស្នេហ៍តារាចម្រៀងនិងសម្តែងដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង “ហ្កាំមី” (Gummy) និង ចូ ចុងស៊ុក (Jo Jung Suk) កំពុងត្រៀមខ្លួនស្វាគមន៍សមាជិកថ្មីម្នាក់ទៀតនៅពេលឆាប់ៗខាងមុខនេះហើយ។
កាលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា “ហ្កាំមី” (Gummy) កំពុងពរពោះកូនទីពីរ ហើយខណៈពេលនេះនាងមានផ្ទៃពោះប្រហែលជា ៤ ទៅ ៥ ខែហើយ។
យ៉ាងណាមិញ បើយោងតាមការឱ្យដឹងពីភ្នាក់ងាររបស់ពួកគេគឺ “ជេអេអេម អេនថឹថេនម៉ឹនថ៍” (JAM Entertainment) និង “អឹមីប៊េ ខាល់ឆឺរ៍” (Amoeba Culture) ក៏បានចេញមកបញ្ជាក់ពីដំណឹងដ៏រីករាយនេះផងដែរ ដោយពួកគេបាននិយាយថា “ហ្កាំមី” (Gummy) កំពុងមានផ្ទៃពោះកូនទីពីរ វាជាការពិត។ ពួកគេក៏បានឱ្យអ្នកគាំទ្ររង់ចាំស្តាប់ដំណឹងល្អបន្ថែមទៀត និងគាំទ្រ ដោយភាពកក់ក្តៅ និងដោយការយោគយល់ដល់នាងផងដែរ៕
