កណ្តាល ៖ 

មានហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយ បណ្តាលអោយស្លាប់មនុស្សម្នាក់ និង០៣នាក់ទៀត រងរបួសធ្ងន់ស្រាល ដែលបង្កឡើងដោយរថយន្តបុករថយន្ត និងជ្រុលទៅបុករថយន្ត០១គ្រឿងទៀត ដែលសុទ្ធតែជាប្រភេទរថយន្តម៉ាក HYUNDAI ទាំង០៣គ្រឿង កាលពីវេលាម៉ោង១១និង០៥នាទីថ្ងៃទី២៤ខែសីហាឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 28-29 ស្ថិតក្នុងភូមិទួលអំពឹល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ 

វរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់អោយដឹងថា÷ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-3649 និងមានសណ្តោងសឺមីរ៉ឺម៉កពណ៌ខៀវពាក់ស្លាកលេខត្បូងឃ្មុំ 4A-1691 បើកបរមានទិសដៅពីជើងទៅត្បូង។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ  ក៏បានបត់ឆ្វេងឆ្លងផ្លូវពីលិចទៅកើត ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក HYUNDAI (ប្រភេទដឹកទំនិញ) ពណ៌ខៀវពាក់ស្លាកលេខ ក-5460ភព3 បើកបរដោយឈ្មោះ ដូ វ៉ាន់ឡុល ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម (រងរបួសស្រាល) និងមានអ្នករួមដំណើរជាមួយចំនួន ០២នាក់ ដែលបើកបរមានទិសដៅពីជើងទៅត្បូង ក៏បានបុកជាមួយរថយន្តដែលបត់ឆ្លងផ្លូវខាងលើ ហើយក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI (ប្រភេទដឹកទំនិញ) ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5983 បើកបរដោយឈ្មោះ យ៉ាន់ ភារម្យ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្បាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់(រងរបួសស្រាល) ដែលបើកបរមានទិសដៅពីត្បូង ទៅជើង ។  សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រឺឯអ្នករងរបួសធ្ងន់ស្រាលទាំង០៣នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។    

ចំនែកវត្ថុតាងរថយន្តទាំង០៣គ្រឿង (ខូចខាតធ្ងន់ ០២គ្រឿង និងស្រាល ០១គ្រឿង)  ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី៕